វាយសី៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសរៀបចំការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នាចុងខែមករា ឆ្នាំ២០២២ នេះនៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប។ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះគ្រោងរៀបចំរយៈពេល ២ថ្ងៃនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។

ដូច្នេះលោកបានអំពាវនាវឲ្យសមាគម/ក្លិបទាំងអស់រួសរាន់ដាក់ពាក្យចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីអបអរកម្មវិធីប្រកួតប្រចាំឆ្នាំមួយនេះ។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា គោលបំណងនៃការរៀបចំការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករានេះគឺដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ដ្រនេះផ្ដល់នូវការរស់រានមានជីវិតប្រកបដោយសេរីភាព ក្រោមម្លប់សន្ដិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះក៏មានវិស័យកីឡាផងដែរ។
ឯកឧត្តមបន្ថែមថា ដើម្បីជំរុញការប្រកួតនេះឲ្យកាន់តែប្រសើរ ស្របតាមនិយាមបច្ចេកទេសនៃប្រកួត សហព័ន្ធនឹងរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រោមកីឡាវាយសីថ្នាក់ជាតិចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅទីលានសម្ព័ន្ធកីឡាវាយសី ខេត្តសៀមរាប មុនចូលរួមកាត់សេចក្ដីក្នុងការប្រកួតនេះដែលវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ លី ឈុនឡា