នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅខែតុលាខាងមុខ។
លោក Anwar បានបញ្ជាក់ថា លោកត្រូវបានប្រាប់អំពីដំណឹងនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក Trump នាព្រឹកនេះ។ នៅពេលរៀបចំផែនការម៉ាឡេស៊ីលើកទី១៣ នៅសភាជាន់ទាប (Dewan Rakyat) លោកបាននិយាយថា៖ «ខ្ញុំបានប្រាប់គាត់ (លោក Trump) ថា ខ្ញុំនឹងប្រកាសពីការចូលរួមរបស់គាត់ នៅឯកន្លែងប្រជុំផ្លូវការថ្ងៃនេះ»។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហើបពីលទ្ធភាពដែលលោក Trump អាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងខែតុលា។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Anwar ក៏បានប្រាប់ឲ្យដឹងផងដែរថា អត្រាពន្ធថ្មី សម្រាប់ម៉ាឡេស៊ី នឹងត្រូវប្រកាសនៅថ្ងៃស្អែក។ លោកបាននិយាយថា៖ «ជាមួយនឹងក្ដីសង្ឃឹមខ្ពស់ បន្ទុកដ៏ធ្ងន់នឹងមិនមានលើសេដ្ឋកិច្ចរបស់យើងនោះឡើយ»។
គួរបញ្ជាក់ថា កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានដាក់កម្រិតពន្ធ ២៥ភាគរយលើប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ជាអត្រាមួយដែលលោក Trump បានពណ៌នាថា «តិចជាង» អ្វីដែលត្រូវការដើម្បីលុបបំបាត់ឱនភាពពាណិជ្ជកម្មជាមួយម៉ាឡេស៊ី៕

