ជិត ២ខែបន្ទាប់ពីនគរបាលម៉ិកស៊ិក បានឆ្លងព្រំដែនចូលទៅក្នុងទីក្រុងតូចរបស់កាតេម៉ាឡា ដើម្បីតាមចាប់ខ្លួនជនត្រូវបានសង្ស័យជាឧក្រិដ្ឋជននោះ ទីក្រុង La Mesilla មិនទាន់បានប្រសើរឡើងវិញទាំងស្រុងនៅឡើយទេ។
មិនខុសពីទីក្រុងព្រំដែនដាច់ស្រយាលជាច្រើនទៀតដែរ ទីក្រុងដ៏តូចមួយនេះរស់នៅដោយសារពាណិជ្ជកម្ម ទាំងស្របច្បាប់ និងខុសច្បាប់ ប៉ុន្តែអ្នកស្រុកនិយាយថា អ្វីៗនៅតែមិនដូចដើមវិញទេ ចាប់តាំងពីនគរបាលរដ្ឋម៉ិកស៊ិកបានបើករថយន្តពាសដែកចូលទៅក្នុងទីប្រជុំជននេះ ហើយបានចូលរួមបាញ់ប្រហារ នាពេលថ្ងៃ កាលពីខែមិថុនា។

បើយោងតាមក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ (ទី៣០ ខែកក្កដា) នគរបាល និងទាហានកាតេម៉ាឡាជាង ៦០០នាក់ បានធ្វើការវាយឆ្មក់ជាង ១០លើក នៅក្នុងតំបន់ជុំវិញ ប៉ុន្តែអាចរឹបអូសបានតែកាំភ្លើង ២ដើមប៉ុណ្ណោះ ដោយមិនមានការចាប់ខ្លួននរណាម្នាក់ឡើយ។
បុរសម្នាក់ដែលលក់សម្លៀកបំពាក់នៅទីក្រុង La Mesilla បាននិយាយថា ពេលការបាញ់ប្រហារចាប់ផ្ដើម លោកបានឆ្លងកាត់ព្រំដែនដូចពួកឧក្រិដ្ឋជនដែរ។
អាជីវករម្នាក់ទៀតបាននិយាយថា ការលក់ដូរនៅតែមិនទាន់បានវិលទៅរកសភាពដើមវិញឡើយ។ លោកបានប្រាប់ថា៖ «ការបាញ់ប្រហារ បានកើតឡើងនៅថ្ងៃអាទិត្យ ជាថ្ងៃដែលផ្សារមានមនុស្សច្រើនណាស់។ ថ្ងៃនេះយើងមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុន ដោយសារមាននគរបាលច្រើន ប៉ុន្តែការលក់ដូរមិនទាន់មានសភាពប្រសើរឡើងវិញនៅឡើយទេ»។
អង្គការដែលអាជ្ញាធរកំណត់គោលដៅ កាលពីថ្ងៃពុធ ត្រូវបានដឹកនាំដោយឪពុក-កូន ២នាក់ ដែលអ្នកទាំង២ ត្រូវបានសម្លាប់កាលពីមុន នៅក្នុងការប៉ះទង្គិចជាមួយនគរបាលម៉ិកស៊ិក៕

