ក្រុមមន្រ្តីក្នុងស្រុកនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនលើទីក្រុងគីវ ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ រួមទាំងកុមារម្នាក់ផងដែរ និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
លោក Tymur Tkachenko គឺជាអ្នកគ្រប់គ្រងរដ្ឋបាលយោធាទីក្រុងគីវ និយាយថា ការវាយប្រហារកាលពីយប់កន្លងទៅ បណ្តាលឲ្យខូចខាតទីតាំង ២៤កន្លែង នៅទូទាំងស្រុកចំនួន ៤ នៃរដ្ឋធានីអ៊ុយក្រែនមួយនេះ ។

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ នាំគ្នាស្វែងរកទីជម្រកនៅតាមស្ថានីយរថភ្លើងក្រោមដី ពេលដែលការផ្ទុះ បានអង្រួនទីក្រុងមួយនេះ ។
លោក Yurii Kravchuk គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងអគារផ្ទះល្វែងដែលត្រូវការវាយប្រហារលើកនេះបាននិយាយថា លោកបាននិយាយប្រាប់ភរិយារបស់លោកដែលកំពុងដេកលក់ថា មីស៊ីលតម្រង់គោលដៅកំពុងហោះឆ្ពោះមកកាន់ពួកយើងហើយ ពេលដែលមានការផ្ទុះនៅក្បែរនោះ ។
លោកបន្តថា រថយន្តគិលានសង្រ្គោះ បានដឹកកូនស្រីរបស់លោកទៅកាន់មន្ទីរពេទ្យ ជាទីដែលនាងទទួលបានការព្យាបាលសម្រាប់របួសត្រូវអំបែងគ្រាប់ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា រុស្ស៊ីបើកការវាយប្រហារយានដ្រូនជាង ៣០០គ្រឿង និងមីស៊ីល ៨គ្រាប់លើអ៊ុយក្រែនកាលពីយប់កន្លងទៅ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្ហាញការខកចិត្តចំពោះសមភាគីរុស្ស៊ីរបស់លោក ដោយក្នុងសប្តាហ៍នេះលោកបានកាត់បន្ថយឱសានវាទឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្កើតកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអ៊ុយក្រែន ៕


