កាលពីថ្ងៃពុធម្សិលមិញ អារ៉ាប់រួម បានទម្លាក់ជំនួយមនុស្សធម៌បន្ថែមទៀតពីលើអាកាសចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
អារ៉ាប់រួមនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងរយៈពេល ៤ថ្ងៃជាប់ៗគ្នានេះ ពួកគេបានធ្វើការទម្លាក់ជំនួយមនុស្សធម៌ចំនួន ៥៧លើក ដែលរួមទាំងស្បៀងអាហារ និងការផ្គង់ផ្កង់មនុស្សធម៌ ទម្ងន់ ៣.៧៧៥តោន ។ សេចក្តីថ្លែងការណ៍នេះបន្តថា រថយន្តដឹកជំនួយអារ៉ាប់រួម ៥៨គ្រឿង បានធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សាផងដែរ ។
ស្តុកស្បៀងអាហារនៅតំបន់ហ្កាហ្សា បានអស់ ចាប់តាំងពីអ៊ីស្រាអែលកាត់ផ្តាច់ការផ្គត់ផ្គង់ចូលទៅក្នុងតំបន់បិទច្រកមួយនេះ កាលពីខែមីនា ។ ការបិទច្រកនេះ បានដកចេញកាលពីខែឧសភា ប៉ុន្តែជាមួយនឹងការរឹតត្បិតថ្មីដែលអ៊ីស្រាអែលនិយាយថា វាចាំបាច់ដើម្បីការពារជំនួយធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមជីវពលហាម៉ាស ។

ស្របពេលដែលស្តុកស្បៀងអាហារអស់ ស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំងអំឡុងខែមិថុនា និងខែកក្កដា ក្នុងនោះអង្គការសុខភាពពិភពលោក(WHO) បានព្រមានពីភាពអត់ឃ្លានទ្រង់ទ្រាយធំ ហើយរូបភាពរបស់កុមារស្លេកស្លាំង បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា មនុស្ស ១៥១នាក់ រួមទាំងកុមារ ៨៩នាក់ បានសម្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។ ចំណែកឯ ក្រុមតាមដានភាពអត់ឃ្លានហ្កាហ្សា និយាយថា សេណារីយោគ្រោះទុរ្ភិក្ស កើតចេញជារូបរាងហើយ ។
ក្រសួងបន្តថា ការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន បានសម្លាប់មនុស្សជាង ៦ម៉ឺនម៉ឺននាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕


