កំពង់ចាម៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ គោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី សៀង សាត ត្រូវជាប្អូនប្រុសលោក សៀង សារិត ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តព្រះវិហារ។ លោកវរសេនីយ៍ត្រី សៀង សាត បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម ដើម្បីការពារបូរណភាពដែនអធិបតេយ្យភាពកម្ពុជា ក្នុងតំបន់មុំបីនៃទឹកដីខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៤ឆ្នាំ។
មរណភាពរបស់ លោកវរសេនីយ៍ត្រី សៀង សាត គឺជាការបាត់បង់នូវបាត់បង់វីរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មប្រយុទ្ធតស៊ូជាមួយសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ ដែលជាគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជាជន និងជាតិមាតុភូមិ ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមរំលែកទុក្ខជាមួយលោក សៀង សារិត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី សៀង សាត បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕