មេដឹកនាំប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថា អាកប្បកិរិយារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ផ្ទុយនឹងស្តង់ដាការទូត ដែលគេទទួលស្គាល់ជាទូទៅទាំងអស់ ដោយអ្នកនយោបាយរូបនេះ បានគំរាមកំហែងប្រទេសផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងមិនយកចិត្តទុកដាក់លើលទ្ធភាពនៃការចរចាឡើយ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times ថា៖«អាកប្បកិរិយារបស់លោកប្រធានាធិបតី ត្រាំ ប្រាស់ចាកពីស្តង់ដាការទូតទាំងស្រុង ដែលត្រូវបានគេស្គាល់ នៅក្នុងពិភពលោក»។

យោងតាម Lula da Silva ការកំណត់យកពន្ធ ៥០% លើទំនិញប្រេស៊ីល អាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចអាមេរិក។ លោកប្រធានាធិបតី បានពន្យល់ថា តម្លៃទឹកក្រូច សាច់គោ និងកាហ្វេដែលផ្គត់ផ្គង់ដោយប្រេស៊ីល អាចកើនឡើង នៅក្នុងសហរដ្ឋអាមេរិក។
នាពេលមុននេះ លោក ត្រាំ បានចុះហត្ថលេខាលើក្រឹត្យដែលដំឡើងពន្ធលើការនាំចូលពីប្រេស៊ីលដល់ ៥០%។ លោកប្រធានាធិបតីប្រេស៊ីល បានសន្យាថា នឹងដាក់ពន្ធសងសឹក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន នៅចុងខែកក្កដានេះទេ។ ក្រោយមកលោក Lula da Silva បានផ្តល់យោបល់ថា អនុប្រធានាធិបតីប្រេស៊ីល Geraldo Alckmin អាចដឹកនាំគណៈប្រតិភូរបស់ប្រទេសនេះ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាលុបចោលពន្ធគយ។
