អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិនចង់រួមចំណែកលក្ខណៈស្ថាបនាធ្វើឲ្យមានស្ថិរភាព និងស្ថានការធូរស្រាលនៅមីយ៉ាន់ម៉ា ក្រោយប្រទេសហែកហួរដោយសារសង្រ្គាមមួយនេះ ដកចេញរដ្ឋក្នុងគ្រាអាសន្នជាតិ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិនប្រកាន់ភ្ជាប់គោលការណ៍គ្មានការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុង និងចង់បន្តធ្វើការយ៉ាងសកម្ម ដើម្បីលើកកម្ពស់សន្តិភាព អនុលោមតាមតម្រូវការរបស់ភាគីទាំងអស់នៅសហភាពមីយ៉ាន់ម៉ា ។
លោកបន្តថា ក្នុងនាមជាប្រទេសជិតខាងមិត្តភាព ចិនព្រួយបារម្ភចំពោះការវិវត្តន៍ស្ថានភាពនៅមីយ៉ាន់ម៉ា ហើយតែងតែគាំទ្រកិច្ចខិតខំរបស់មីយ៉ាន់ម៉ា ដើម្បីរក្សាស្ថិរភាពជាតិ និងសម្រេចបានសន្តិភាព និងការផ្សះផ្សា ។
លោកនិយាយទៀតថា ចិនគាំទ្រការបង្កើតមាគ៌ារបស់មីយ៉ាន់ម៉ា ស្របតាមលក្ខខណ្ឌជាតិ និងវឌ្ឍនភាពនៃរបៀបវារៈនយោបាយក្នុងស្រុករបស់ពួកគេ ។
សារព័ត៌មានរដ្ឋ MRTV រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា របបសឹកគ្រប់គ្រងមីយ៉ាន់ម៉ា បានប្រកាសបង្កើតគណៈកម្មការមានសមាជិក ១១រូប ដឹកនាំដោយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដើម្បីរៀបចំការបោះឆ្នោតនៅក្នុងប្រទេសមួយនេះ ។
MRTV រាយការណ៍ថា របបសឹកពុំបានប្រកាសឲ្យដឹងនោះទេកាលបរិច្ឆេតរៀបចំការបោះឆ្នោត ហើយលោក Min Aung Hlaing នឹងនៅបន្តគ្រប់គ្រងប្រទេស ក្នុងសមាសភាពរបស់លោកជាប្រធានាធិបតីស្តីទី ដែលមើលការខុសត្រូវការបោះឆ្នោតនេះ ៕