ប្រធានស៊ើបការណ៍សម្ងាត់របស់ប្រទេសអូស្ត្រាលី បានបង្ហាញថា ប្រទេសរុស្ស៊ី កំពុងបង្ក«ការគំរាមកំហែងផ្នែកចារកម្មយ៉ាងខ្លាំង» ដោយនិយាយថា មន្ត្រីចារកម្មដែលពាក់ព័ន្ធនៅទីក្រុងមូស្គូជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Mike Burgess ដែលជានាយកផ្នែកស៊ើបការណ៍សម្ងាត់ បានប្រើសុន្ទរកថាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីព្រមានអំពីការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយតួអង្គបរទេសដូចជា រុស្ស៊ី និងចិន។
លោក Burgess បាននិយាយថា ប្រតិបត្តិការចារកម្មសំខាន់ៗចំនួន ២៤លើក ត្រូវបានបំផ្លាញ ចាប់តាំងពីឆ្នាំ ២០២២ ពោលគឺច្រើនជាងកាលពី ៨ឆ្នាំមុន រួមបញ្ចូលគ្នា។

លោកបានអះអាងថា៖«ការកើតឡើងជាថ្មីនៃការប្រកួតប្រជែងរបស់មហាអំណាច កំពុងជំរុញឲ្យមានការស្រេកឃ្លានឥតឈប់ឈរសម្រាប់អត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត និងការចង់បានបំផុតនូវព័ត៌មានសម្ងាត់»។
លោក Burgess អគ្គនាយកនៃអង្គការចារកម្មសន្តិសុខអូស្ត្រាលី បានបន្ថែមថា៖«ប្រទេសរុស្ស៊ី នៅតែបង្ក ការគំរាមកំហែងផ្នែកចារកម្មយ៉ាងជាប់លាប់ និងយ៉ាងធ្ងន់ធ្ងរ»។
ដោយពុំបានផ្តល់ព័ត៌មានលម្អិតទេ លោក Burgess បាននិយាយថា អ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ីជាច្រើននាក់ ត្រូវបានបណ្តេញចេញ ពីប្រទេសអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកក៏បានលើកឡើងពីប្រទេសចិន និងអ៊ីរ៉ង់ថា ជាប្រទេសដែលកំពុងព្យាយាមយ៉ាងសកម្ម ក្នុងការលួច ព័ត៌មានសម្ងាត់។