ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) ថា របាំងពន្ធគយដ៏ច្រើនដែលលោកបានដាក់លើប្រទេសនានាជុំវិញពិភពលោក កំពុងធ្វើឱ្យអាមេរិក "អស្ចារ្យ និងមានបានម្តងទៀត" ខណៈរដ្ឋាភិបាលនានាបានបន្តប្រឹងប្រែងធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលផុតកំណត់ខែសីហានេះ។
នៅលើវេទិកាសង្គម Truth Social របស់ខ្លួន លោក Trump បាននិយាយថា "ការដំឡើងពន្ធកំពុងធ្វើឱ្យអាមេរិក អស្ចារ្យ និងមានបានម្តងទៀត"។ លោកបន្តថា៖ មួយឆ្នាំកន្លងទៅ អាមេរិកជាប្រទេសដែលស្លាប់ ប៉ុន្តែឥឡូវអាមេរិកកំពុងក្លាយជាប្រទេសដែលទាក់ទាញបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។
លើសពីនេះ លោក Trump ក៏បានអួតសរសើរពីប្រាក់ចំណូលពន្ធ ដែលអាមេរិកកំពុងប្រមូលបាន -ពោលគឺប្រមាណ ១៥០ពាន់លានដុល្លារ នៅត្រឹមឆមាសទី១នៃឆ្នាំនេះ យោងតាមតួលេខរបស់ក្រសួងរតនាគារ - ហើយនិយាយថា ចំណូលពន្ធនឹងមានច្រើនទៀត។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីដើមខែកក្កដារួចមកហើយថា សហរដ្ឋអាមេរិក អាចរកប្រាក់ចំណូលពីការដំឡើងពន្ធបានប្រមាណ ៣០០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២៥នេះ ខណៈការប្រមូលពន្ធបានបង្កើនល្បឿនកាន់តែខ្លាំងពីយុទ្ធនាការពាណិជ្ជកម្មទីក្រុងវ៉ាស៊ីនតោន៕