ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងសម្រាប់ខែទីពីរជាប់ៗគ្នាក្នុងខែកក្កដាកន្លងទៅ ដោយបានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារលើតម្រូវការបន្ទះឈីបខ្លាំង ហើយការនាំចេញត្រូវបានសម្រុកយ៉ាងប្រញាប់ មុនពេលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ជះឥទ្ធិពលនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។
ទិន្នន័យពាណិជ្ជកម្មបានបង្ហាញនៅថ្ងៃសុក្រ (០១ សីហា) នេះថា ការនាំចេញពីកូរ៉េខាងត្បូង ដែលមានសេដ្ឋកិច្ចធំជាងគេទី៤របស់អាស៊ី បានកើនឡើង ៥,៩% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួន ៦០,៨២ពាន់លានដុល្លារអាមេរិក ដែលខ្ពស់ជាងកំណើន ៤,៣% នៅក្នុងខែមិថុនា និងខ្លាំងក្លាបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក។
ទិន្នន័យនេះបានឡើងលើសការព្យាករ ដែលនិយាយថាជាមធ្យម ការនាំចេញកើនត្រឹម ៤,៦% ប៉ុណ្ណោះសម្រាប់ខែកក្កដា នៅក្នុងការស្ទង់មតិសេដ្ឋវិទូរបស់សារព័ត៌មានរ៉យទ័រ ក្នុងសញ្ញាគួរឱ្យកត់សម្គាល់មួយនៃការសម្រុកដឹកជញ្ជូនទំនិញ ឱ្យបានមុនពេលកំណត់ខែសីហា សម្រាប់ពន្ធកាន់តែខ្ពស់របស់សហរដ្ឋអាមេរិក ចូលជាធរមាន។
លោកប្រធានាធិបតី Donald Trump បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ៣០ កក្កដា ដោយបន្ទាបពន្ធនៅត្រឹម ១៥% ទាបជាងការគំរាមកំហែង ២៥% ពីមុន ប៉ុន្តែខ្ពស់ជាងអត្រាមូលដ្ឋានបច្ចុប្បន្ន ១០% ដែលមន្ត្រី ក្រុមហ៊ុន និងសេដ្ឋវិទូបានស្វាគមន៍យ៉ាងខ្លាំងដោយសារតែបានកាត់បន្ថយភាពមិនច្បាស់លាស់ជុំវិញបរិយាកាសពាណិជ្ជកម្ម៕