នៅពេលដែលថ្ងៃផុតកំណត់យកពន្ធពាណិជ្ជកម្មសកលខ្ពស់ៗរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាន់តែកៀក ពេលនេះ សហរដ្ឋអាមេរិករកចំណូលពន្ធបានក្នុងកម្រិតកំណត់ត្រា ១៥០ពាន់លានដុល្លារ រហូតមកដល់បច្ចុប្បន្ន ពោលគឺពាក់កណ្ដាលឆ្នាំ២០២៥នេះ។
យោងតាមទិន្នន័យ "គយ និងពន្ធអាករជាក់លាក់" របស់ក្រសួងរតនាគារបង្ហាញថា អាមេរិកបានប្រមូលចំណូលពន្ធគយជិត ២៨ពាន់លានដុល្លារ ក្នុងខែកក្កដាតែមួយប៉ុណ្ណោះ ដែលជាចំនួនសរុបប្រចាំខែខ្ពស់បំផុតក្នុងកំណត់ត្រារហូតមកដល់ពេលនេះ។ តួលេខខែកក្កដា — ដោយផ្អែកលើទិន្នន័យគិតត្រឹមថ្ងៃទី២៥ ខែកក្កដា — បានកើនឡើងលើសចំណូលប្រចាំខែចំនួន ២៧ពាន់លានដុល្លាររបស់ខែមិថុនា ដែលក៏ជាតួលេខកំណត់ត្រារួចទៅហើយ។

កាលពីខែមករា ប្រាក់ចំណូលពន្ធមានប្រហែល ៧,៩ពាន់លានដុល្លារប៉ុណ្ណោះ និងក្នុងខែមេសា កើនពីរដងដល់ ១៦,៣ពាន់លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយពីមុនរួចមកហើយថា រដ្ឋបាលព្យាករថារបាំងពន្ធគយអាចបង្កើតប្រាក់ចំណូលច្រើនជាង ៣០០ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលសហព័ន្ធពេញមួយឆ្នាំ២០២៥នេះ។
ខណៈរដ្ឋបាលសាទរកំណើនប្រាក់ចំណូលពន្ធ អ្នករងគ្រោះគឺជាអាជីវកម្មសហរដ្ឋអាមេរិក ដែលបង់ពន្ធនាំចូលខ្ពស់ទាំងនោះដល់រដ្ឋាភិបាលសហព័ន្ធ។ យ៉ាងណាក៏ដោយ ក្រុមសេដ្ឋវិទូព្រមានថា បន្ទុកសេដ្ឋកិច្ចនៅទីបំផុតអាចត្រូវបញ្ជូនទៅអ្នកប្រើប្រាស់អាមេរិក តាមរយៈតម្លៃខ្ពស់ៗ។
គួរឱ្យដឹងថា ការឈានដល់ ៣០០ពាន់លានដុល្លារ ក្នុងការប្រមូលពន្ធនៅឆ្នាំនេះរបស់អាមេរិក អាចសំដៅលើកំណើនល្បឿនប្រមូលពន្ធកាន់តែច្រើននាពេលខាងមុខ នៅពេលពន្ធបដិការកាន់តែខ្ពស់ចូលជាធរមាន ដោយកើនឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្រិតបច្ចុប្បន្ន៕

