ប្រធានក្រុមហ៊ុនដែលធ្វើការជាមួយមូលនិធិមនុស្សធម៌ហ្កាហ្សា និយាយប្រាប់ CNNថា លោក Steve Witkoff គឺជាប្រេសិតពិសេសរបស់ប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump ប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានធ្វើដំណើរទៅដល់ទីតាំងចែកចាយជំនួយនៅទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីនអត់ឃ្លាន ។

មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៧០នាក់ រងរបួស ខណៈពេលពួកគេរង់ចាំការផ្គត់ផ្គង់ស្បៀងអាហារនៅជិតច្រករបៀង ស្ថិតនៅភាគខាងត្បូងទីក្រុង Khan Younis ។
កាលពីថ្ងៃម្សិលមិញ សេតវិមាន ប្រកាសឲ្យដឹងពីដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្កាហ្សារបស់លោក Witkoff និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែលលោក Mike Huckabee ។
វាបានក្លាយជាដំណើរទស្សនកិច្ចលើកទី ២របស់លោក Witkoff ទៅកាន់តំបន់ហ្កាហ្សា ។ បន្ទាប់ពីលោក Trumpឡើងកាន់តំណែង លោក Witkoff បានធ្វើដំណើរទៅកាន់ដែនដីបិទច្រកមួយនេះ និងក្លាយជាមន្រ្តីលើកដំបូងគេរបស់សហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា ក្នុងរយៈពេលជាង ១ទសវត្សរ៍ ។
លោក Witkoff បានជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍ រយៈពេល ១សប្តាហ៍ ក្រោយសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចប្រជុំបទឈប់បាញ់ហ្កាហ្សា ៕
