អាហ្វ្រិកខាងត្បូង ប្រឈមនឹងការទារពន្ធ ៣០ភាគរយ លើការនាំចេញទំនិញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ចាប់ពីសប្តាហ៍ក្រោយតទៅ គឺជាដំណើរវិវត្តន៍មួយធ្វើឲ្យបាត់បង់ការងាររាប់ម៉ឺនកន្លែង ក្រោយប្រទេសមួយនេះ ពុំអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនឱសានវាទដាក់ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
នៅក្នុងបទបញ្ជាប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានវាយប្រហារពន្ធថ្មីចាប់ពី ១០ភាគរយ ដល់ ៤០ភាគរយលើប្រទេសជាច្រើន ស្របពេលដែលលោកព្យាយាមកែទម្រង់ពាណិជ្ជកម្មសកលអំណោយផលជាងមុនសម្រាប់សហរដ្ឋអាមេរិក ។
បទបញ្ជានេះ កំណត់ថា អត្រាពន្ធនាំចូលខ្ពស់ជាងមុននឹងចូលជាធរមានក្នុងរយៈពេល ៧ថ្ងៃ ។
អស់រយៈពេលជាច្រើនខែមកហើយដែលអាហ្វ្រិកខាងត្បូង ព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ហើយនិងយល់ព្រមទិញឧស្ម័នធម្មជាតិរាវសហរដ្ឋអាមេរិក និងវិនិយោគទុន ទឹកប្រាក់ ៣.៣ពាន់លានដុល្លារលើវិស័យឧស្សាហកម្មសហរដ្ឋអាមេរិក ជាការដោះដូរនឹងពន្ធទាបជាងនេះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេពុំទទួលបានជោគជ័យនោះទេ បើទោះបីជានៅក្រោយទីក្រុង Pretoria បានព្យាយាមចុងក្រោយ ដើម្បីធ្វើឲ្យល្អប្រសើរឡើងការផ្តល់ជូនរបស់ពួកគេក៏ដោយ ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាហ្វ្រិកខាងត្បូងលោក Parks Tau និយាយថា ពន្ធខ្ពស់ជាងមុន បានក្លាយជាការគំរាមកំហែងដល់សមត្ថភាពនាំចេញរបស់ប្រទេសលោក ជាពិសេសក្នុងវិស័យសំខាន់ៗដូចជាវិស័យរថយន្ត កសិកែច្នៃ ដែកថែប និងសារធាតុគីមី ៕