ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីយល់ស្របលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនបើរដ្ឋាភិបាលធ្វើការឆ្ពោះទៅមុខជាមួយនឹងសំណើបែបនេះ។
ប្រទេសជាច្រើន ក្នុងនោះរួមមានទាំងបារាំង និងកាណាដាផងដែរ បានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាខែកញ្ញាខាងមុខ។
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) លោក Stubb បានប្រាប់ថា៖ «ការសម្រេចចិត្តរបស់ប្រទេសបារាំង ចក្រភពអង់គ្លេស និងកាណាដា ពង្រឹងដល់និន្នាការឆ្ពោះទៅរកការទទួលស្គាល់ប៉ាឡេស្ទីន ជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីជួយឲ្យដំណើរការសន្តិភាពមានជីវិតជាថ្មី»។
យ៉ាងណាក្ដី ប្រធានាធិបតីហ្វាំងឡង់ដែលបានជាប់ឆ្នោតកាន់តំណែងអាណត្តិរយៈពេល ៦ឆ្នាំ មិនមានសិទ្ធិអំណាចពេញលេញ ក្នុងការសម្រេចនោះទេ ប៉ុន្តែជួយសម្របសម្រួលគោលនយោបាយការបរទេសរបស់ប្រទេស ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាល។
ដោយបង្ហាញពីការសោកស្ដាយ ចំពោះស្ថានភាពដ៏អក្រក់បំផុត នៅតំបន់ហ្កាហ្សា លោក Stubb បានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើខ្ញុំទទួលបានសំណើ ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះ ខ្ញុំត្រៀមខ្លួនយល់ព្រមរួចហើយ»៕