ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នឹងពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិជាមួយប្រទេសឥណ្ឌា នៅពេលលោកជួបជាមួយនាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រជាជាតិអាស៊ីខាងត្បូងមួយនេះ នាសប្តាហ៍ក្រោយ។
នៅក្នុងសន្និសីទកាលពីថ្ងៃសុក្រ (ទី១ ខែសីហា) ជំនួយការរដ្ឋមន្ត្រីការបរទេស លោកស្រី Evangeline Ong Jimenez-Ducrocq បាននិយាយថា៖ «មេដឹកនាំទាំង២ ក៏ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទស្សនៈអំពីការព្រួយបារម្ភរួមគ្នា ជុំវិញបញ្ហាក្នុងតំបន់ និងអន្តរជាតិ»។
លោកស្រី Jimenez-Ducrocq បានបន្ថែមថា៖ «យើងទទួលស្គាល់សក្តានុពលសេដ្ឋកិច្ច និងជាយុទ្ធសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយយើងសង្ឃឹមថា នឹងបើកចំហនូវលទ្ធភាព សម្រាប់ពេលអនាគត»។
ដំណើរទស្សនកិច្ចរបស់លោក Marcos ទៅកាន់ប្រទេសឥណ្ឌា គ្រោងធ្វើឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែសីហា តាមការអញ្ជើញរបស់លោក Modi។ កិច្ចប្រឹងប្រែងរបស់លោក Marcos ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយឥណ្ឌា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ និងលូតលាស់លឿនបំផុតរបស់ពិភពលោក បានកើតឡើងស្របពេលដែលមានការអនុវត្តពន្ធគយរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងខែសីហា។
អត្រាពន្ធ ១៩ភាគរយដែលដាក់លើទំនិញហ្វីលីពីន គឺស្មើនឹងកម្រិតរបស់ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀត ដោយធ្វើឲ្យបាត់បង់នូវអត្ថប្រយោជន៍ពាណិជ្ជកម្មដែលទីក្រុងម៉ានីល បានលើកឡើងនៅពេលដែលសហរដ្ឋអាមេរិក បានគំរាមកំហែងយកពន្ធ ១៧ភាគរយ កាលពីខែមេសា ដែលជាអត្រាទាបបំផុត នៅក្នុងតំបន់ នាពេលនោះ។ ពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ឥណ្ឌា ត្រូវបានកំណត់ ២៥ភាគរយ៕