ភ្នំ Lewotobi Laki-laki ដែលជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសឥណ្ឌូមេស៊ី បានផ្ទុះ ២ថ្ងៃជាប់គ្នា ដោយបានព្រួសវត្ថុធាតុរបស់ភ្នំភ្លើង និងផេះកម្ពស់រហូតដល់ ១៨គីឡូម៉ែត្រទៅលើផ្ទៃមេឃ នាព្រឹកថ្ងៃសៅរ៍ (ទី២ ខែសីហា) និងបានធ្វើឲ្យភូមិឋានជាច្រើនពេញទៅដោយកម្ទេចកម្ទី។ ភ្លាមៗនេះ មិនទាន់មានរបាយការណ៍ពីអ្នករងរបួសនៅឡើយទេ។
គួរបញ្ជាក់ថា ការផ្ទុះមួយទៀត កាលពីល្ងាចថ្ងៃសុក្រ (ទី១ ខែកក្កដា) បានព្រួសសំណុំផេះឡើងទៅលើកម្ពស់ ១០គីឡូម៉ែត្រ ហើយបានធ្វើឲ្យផ្ទៃមេឃនាពេលយប់ភ្លឺចិញ្ចាចដោយសារកម្អែភ្នំភ្លើង និងផ្លេកបន្ទោរ។ ការផ្ទុះទាំង ២ដងនេះ បានកើតឡើងក្នុងរយៈពេលមិនដល់ ៥ម៉ោងផង។
ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ី បានកត់ត្រាសំណុំនៃពពកឧស្ម័នដ៏ក្ដៅគគុកលាយឡំជាមួយដុំថ្ម និងកម្អែភ្នំភ្លើងដែលហូរចុះទៅជម្រាលភ្នំរហូតដល់ ៥គីឡូម៉ែត្រ។ ការអង្កេតដោយយានដ្រូន បានបង្ហាញពីចលនាជ្រៅរបស់ម៉ាក់ម៉ា ដោយបានធ្វើឲ្យមានរំញ័រដែលត្រូវបានឃើញនៅលើឧបករណ៍តាមដានរញ្ជួយដី។
ការផ្ទុះ នៅថ្ងៃសៅរ៍នេះ គឺជាការផ្ទុះដ៏ធំបំផុតមួយរបស់ឥណ្ឌូនេស៊ី គិតចាប់តាំងពីឆ្នាំ២០១០ មក នៅពេលដែលភ្នំភ្លើង Merapi ដែលជាភ្នំភ្លើងងាយនឹងផ្ទំបំផុតរបស់ប្រទេសនេះ បានផ្ទុះនៅលើកោះជ្វាដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់។ ការផ្ទុះនោះបានសម្លាប់មនុស្សជាង ៣៥០នាក់ និងបង្ខំឲ្យមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញ៕