ព្រះបរមរាជវាំងនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរ៍ (ទី២ ខែសីហា) នេះ បានឲ្យដឹងថា ព្រះមហាក្សត្រ Sultan Ibrahim Iskandar នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ស្ដេចពីប្រទេសនេះ នៅរុស្ស៊ី តាមការយាងអញ្ជើញរបស់ប្រធានាធិបតី លោក Vladimir Putin ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែសីហា។
យោងតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងម៉ាឡេស៊ី បានឲ្យដឹងថា៖ «ការយាងបំពេញព្រះរាជទស្សនកិច្ចនេះ ក៏ឆ្លុះបញ្ចាំងអំពីព្រះរាជតួនាទីដ៏សំខាន់របស់ព្រះមហាក្សត្រម៉ាឡេស៊ី ក្នុងការជំរុញកិច្ចការការទូតរបស់ប្រទេស។ ព្រះរាជទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យនានា ក្នុងនោះមានរួមទាំងពាណិជ្ជកម្ម ការអប់រំ និងបច្ចេកវិទ្យាផងដែរ»។
បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ច នៅទីក្រុងមូស្គូ ព្រះមហាក្សត្រនឹងយាងទៅកាន់ទីក្រុង Kazan នាថ្ងៃទី៨ ខែសីហា ជាកន្លែងដែលព្រះអង្គនឹងយាងទតរោងចក្រផលិតឧទ្ធម្ភាគចក្រ។
គួរបញ្ជាក់ថា ព្រះរាជទស្សនកិច្ចនេះកើតឡើង បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅទីក្រុងមូស្គូ កាលខែឧសភា ជាកន្លែងដែលការពិភាក្សាបានគ្របដណ្តប់លើវិស័យអប់រំ កសិកម្ម សន្តិសុខស្បៀង ថាមពល និងការពារជាតិ៕