នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។ កម្មវិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង តំណាងក្រសួងសុខាភិបាល។
សន្លឹកកិច្ចការបេក្ខជនប្រឡងមន្រ្តីកសិកម្មឃុំចំនួន ៤៨១៣ច្បាប់, មន្រ្តីច្បាប់ (វិញ្ញាសាសរសេរលើកទី១)ចំនួន ២៩៨ច្បាប់, មន្រ្តីការទូតជាន់ខ្ពស់(វិញ្ញាសាសរសេរលើកទី១)ចំនួន ៨០៣ច្បាប់, និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល(មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ)ចំនួន ២៥១៤ច្បាប់ ចាប់ផ្តើមកែក្នុងពេលតែមួយ។
សូមជម្រាបថា គ្រប់ដំណើរការកែសន្លឹកកិច្ចការត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕









