ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ គឺអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បាននិយាយថា ទូកមួយគ្រឿងបានលិចកាលពីថ្ងៃអាទិត្យ (០៣ សីហា) នៅក្នុងដែនទឹកនៃឆ្នេរសមុទ្រប្រទេសយេម៉ែន បណ្តាលឱ្យជនអន្តោប្រវេសន៍អាហ្វ្រិកចំនួនយ៉ាងតិច ៦៨នាក់ បានលង់ទឹកស្លាប់ និងប្រមាណជាង ៧០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ក្រុមមន្ត្រីសុខាភិបាលយេម៉ែន និយាយថា ទូកនោះដឹកមនុស្សប្រហែលជាង ១៥០នាក់ បានលិចដោយសារអាកាសធាតុអាក្រក់ខ្លាំង នៅស្រុក Ahwar ក្នុងខេត្ត Abyan ភាគខាងត្បូងយេម៉ែន នៅលើសមុទ្រអារ៉ាប់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។
សោកនាដកម្មនេះ គឺជាគ្រោះថ្នាក់ចុងក្រោយបង្អស់នៃការលិចទូកជាបន្តបន្ទាប់ នៅសមុទ្រយេម៉ែន ដែលបានសម្លាប់ជនអន្តោប្រវេសន៍អាហ្រ្វិករាប់រយនាក់ ដែលសង្ឃឹមថានឹងអាចទៅដល់អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសមានទ្រព្យឈូងសមុទ្រផ្សេងទៀតដើម្បីស្វែងរកការងារធ្វើ។
អង្គការ IOM បានពណ៌នាផ្លូវទឹកពីតំបន់ញកអាហ្វ្រិក ទៅយេម៉ែន ថាជា "ផ្លូវធ្វើអន្តោប្រវេសន៍ចម្រុះដ៏មមាញឹកបំផុត និងគ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក" ហើយ IOM បានកត់ត្រាការមកដល់នៃជនអន្តោប្រវេសន៍ជាង ៦០.០០០នាក់ នៅយេម៉ែន កាលពីឆ្នាំមុន៕

