ភ្លៀងមូសុងដ៏ខ្លាំងក្លាបានវាយលុកតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា ដែលបង្កឱ្យមានស្ថានភាពដូចទឹកជំនន់នៅក្នុងផ្នែកខ្លះនៃរដ្ឋ Uttar Pradesh ជំរុញឲ្យប្រកាសអាសន្នពណ៌ក្រហមនៅរដ្ឋ North Bengal និងការលិចលង់ក្នុងរដ្ឋធានីរបស់ប្រទេសនេះផងដែរ។

នៅរដ្ឋ Kerala ភ្លៀងនឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀត ដោយនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានដំឡើងការព្រមានពណ៌លឿងទុំ និងលឿង នៅទូទាំងស្រុកជាច្រើន។ ស្របពេលប្រទេសនេះឈានចូលដល់ដំណាក់កាលខ្យល់មូសុងខ្ពស់បំផុត រដ្ឋាភិបាលរដ្ឋនានា កំពុងឆ្លើយតបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ស្របពេលមានរបាយការណ៍អំពីទឹកក្នុងទន្លេហៀរប្រៀបច្រាំង បំណាក់ដី និងការជន់លិចទីក្រុងតូចធំជាច្រើន។
នៅរដ្ឋ Uttar Pradesh ភ្លៀងធ្លាក់ឥតឈប់ឈរបានធ្វើឱ្យផ្នែកខ្លះនៃទីក្រុង Prayagraj រងការជន់លិច។ ផ្លូវនានាក្នុងតំបន់ Karela Bagh ត្រូវបានទឹកលិច ហើយមនុស្សធ្វើដំណើរដោយជិះទូក។ទឹកហៀរចេញពីទន្លេ Sasur Khaderi បានបណ្តាលឱ្យមានការជន់លិចជម្រៅត្រឹមជង្គង់នៅក្នុងតំបន់លំនៅដ្ឋាននានា។នៅក្នុងរដ្ឋធានី Delhi ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យបានជន់លិចតំបន់ជាច្រើន ហើយគេរំពឹងថាភ្លៀង នឹងបន្តធ្លាក់បន្ថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋ ហិម៉ាចាល់ប្រទេស (Himachal Pradesh) (SDMA)របស់ឥណ្ឌាចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់១៧៩នាក់ ក្នុងនោះ១០១នាក់ បណ្ដាលមកពីគ្រោះមហន្តរាយទាក់ទងនឹងភ្លៀងរដូវមូសុង ដូចជា ទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់ជាដើម ខណៈមនុស្ស៧៨នាក់ផ្សេងទៀត បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអាកាសធាតុអាប់អួរ និងផ្លូវដែលរងការបំផ្លិចបំផ្លាញ។
របាយការណ៍ចុងក្រោយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា រដ្ឋ ហិម៉ាចាល់ប្រទេស បានរងគ្រោះធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតមនុស្ស និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសាររដូវមូសុងដ៏ធ្ងន់ធ្ងរចន្លោះពីថ្ងៃទី២០ខែមិថុនា និងទី២ខែសីហា ឆ្នាំ២០២៥នេះ៕

