មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ គឺអង្គការយូនីសេហ្វ (UNICEF) បានព្រមានកាលពីថ្ងៃអាទិត្យ (០៣ សីហា) ថា ជំងឺអាសន្នរោគកំពុងវាយលុកពាសពេញតំបន់ North Darfur ប្រទេសស៊ូដង់ ដោយគំរាមកំហែងដល់កុមារ ៦៤០.០០០នាក់ ដែលកំពុងចុះខ្សោយដោយសារភាពអត់ឃ្លាន និងការរត់ភៀសខ្លួនជាបន្តបន្ទាប់ ខណៈក្បួនជំនួយពិបាកទៅដល់សហគមន៍ ស្របពេលមានជម្លោះកាន់តែខ្លាំងឡើង។

ទិន្នន័យពីអង្គការសហប្រជាជាតិបានបង្ហាញថា ករណីជំងឺអាសន្នរោគមានច្រើនជាង ១.១៨០នាក់— រួមទាំងកុមារប្រមាណ ៣០០នាក់ — ហើយយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ២០នាក់ ត្រូវបានរាយការណ៍នៅទីប្រជុំជន Tawila ប្រមូលផ្ដុំដោយជនភៀសខ្លួនជាងកន្លះលាននាក់ដែលរត់គេចពីអំពោះហិង្សាចាប់តាំងពីខែមេសា ឆ្នាំ២០២៣មក។
នៅទូទាំងតំបន់ Darfur កាន់តែទូលំទូលាយ ចំនួនអ្នកស្លាប់កាន់តែគួរឱ្យព្រួយបារម្ភ ដោយមានជំងឺអាសន្នរោគជិត ២.១៤០ករណី និងយ៉ាងហោចណាស់ ៨០នាក់ បានស្លាប់គិតត្រឹមថ្ងៃទី៣០ ខែកក្កដា។ តំណាងអង្គការ UNICEF ប្រចាំស៊ូដង់ និយាយថា “ទោះបីជាអាចការពារបាន និងអាចព្យាបាលបានយ៉ាងងាយក៏ដោយ ជំងឺអាសន្នរោគកំពុងរាលដាលពេញទីក្រុង Tawila និងកន្លែងផ្សេងទៀតក្នុងតំបន់ Darfur ដែលគំរាមកំហែងដល់អាយុជីវិតកុមារ ជាពិសេសកុមារតូចបំផុត និងងាយរងគ្រោះបំផុត”។
អង្គការសហប្រជាជាតិបានលើកឡើងថា ជាមួយនឹងមន្ទីរពេទ្យរងការទម្លាក់គ្រាប់បែកកាន់តែច្រើន ហើយមណ្ឌលសុខភាពជាច្រើនត្រូវបានបិទទ្វារ ទីក្រុង Tawila - ស្ថិតនៅចម្ងាយត្រឹមតែ ៧០គីឡូម៉ែត្រពីក្រុង El Fasher នេះ - បានក្លាយជាចំណុចសំខាន់នៃវិបត្តិត្រួតស៊ីគ្នាជាច្រើនរបស់ប្រជាជនស៊ូដង់៕

