រដ្ឋមន្ត្រីពាណិជ្ជកម្មស្វីស លោក Guy Parmelin បាននិយាយថា រដ្ឋាភិបាលស្វីស បើកចំហក្នុងការកែប្រែការស្នើជូន ចំពោះសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងផែនការដំឡើងពន្ធយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកជំនាញ បានព្រមានថា អត្រាពន្ធនាំចូល ៣៩ភាគរយដែលប្រកាសដោយប្រធានាធិបតី លោក Donald Trump អាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច នៅប្រទេសស្វីស។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ស្វីសត្រូវបានធ្វើឲ្យស្រឡាំងកាំង បន្ទាប់ពីលោក Trump បានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ដល់ប្រទេសខ្លួន ជាមួយនឹងកម្រិតពន្ធខ្ពស់បំផុតមួយ នៅក្នុងផែនការកំណត់ពាណិជ្ជកម្មពិភពលោកឡើងវិញរបស់លោក ដោយសមាគមឧស្សាហកម្មរបស់ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ បានព្រមានថា ការងាររាប់ម៉ឺនកន្លែង កំពុងស្ថិតក្នុងហានិភ័យ។
ខុទ្ទកាល័យរបស់ប្រទេសនេះ នឹងបើកកិច្ចប្រជុំពិសេសមួយ នៅថ្ងៃអង្គារ (ទី៤ ខែសីហា) នេះ ដើម្បីពិភាក្សា អំពីជំហានបន្ទាប់របស់ខ្លួន ដោយលោក Parmelin បានប្រាប់ទូរទស្សន៍ RTS ថា រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងឆាប់រហ័ស មុនពេលពន្ធរបស់សហរដ្ឋអាមេរិក ចូលជាធរមាននៅថ្ងៃទី៧ ខែសីហា។

លោកបាននិយាយថា៖ «យើងត្រូវយល់ឲ្យបានច្បាស់នូវអ្វីដែលបានកើតឡើង ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកធ្វើការសម្រេចចិត្តបែបនេះ។ នៅពេលដែលយើងយកបញ្ហានោះមកពិភាក្សារួចហើយ យើងអាចសម្រេចបានថា តើត្រូវបន្តដោះស្រាយដោយរបៀបណា»។ លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖៖ «ពេលវេលាកំណត់គឺកាន់តែកៀកខ្លាំងណាស់ ដូច្នេះ វាអាចនឹងពិបាកក្នុងការសម្រេចបាននូវអ្វីមួយនៅថ្ងៃទី៧ ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្ហាញពីសុច្ឆន្ទៈ និងកែប្រែឲ្យប្រសើរឡើងវិញនូវការស្នើជូនរបស់យើង»។
លោក Parmelin បានបញ្ជាក់ថា លោក Trump បានផ្ដោតលើឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសស្វីសដែលមានចំនួន ៣៨,៥ពាន់លានហ្វ្រង់ស្វីស (៤៨ពាន់លានដុល្លារ) កាលពីឆ្នាំមុន ដោយស្វីសទិញឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក ជាជម្រើសមួយ ក្នុងចំណោមជម្រើសផ្សេងទៀតដែលកំពុងស្ថិតក្នុងការពិចារណា៕
