លោកអគ្គលេខាធិការ Antonio Guterres កំពុងកាត់បន្ថយការចំណាយជាង ៧០០លានដុល្លារអាមេរិក ហើយដាក់ចេញនូវផែនការ ដើម្បីរុះរើរៀបចំអង្គការសហប្រជាជាតិ (UN) ខណៈដែលប្រទេសផ្ដល់មូលនិធិធំជាងគេរបស់ស្ថាប័ននេះ គឺសហរដ្ឋអាមេរិក ដកការគាំទ្រ។
ផែនការរបស់លោក Guterres អំពាវនាវឲ្យកាត់បន្ថយការចំណាយ និងការងារចំនួន ២០ភាគរយ ដែលនឹងនាំមកនូវថវិកាដែលឥឡូវនេះមានចំនួន ៣,៧ពាន់លានដុល្លារ ធ្លាក់ដល់កម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ២០១៨ មក។ ការងារប្រហែល ៣.០០០កន្លែង នឹងត្រូវបានកាត់បន្ថយ។

ជាផ្លូវការ កម្មវិធីកំណែទម្រង់ត្រូវបានភ្ជាប់ទៅនឹងខួបលើកទី៨០ របស់អង្គការសហប្រជាជាតិ មិនមែនរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនោះទេ។ ហើយទំហំនៃការកាត់បន្ថយនេះឆ្លុះបញ្ចាំងពីការគំរាមកំហែងដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ដែលជាប្រពៃណីផ្ដល់មូលនិធិចំនួន ២២ភាគរយនៃថវិការបស់អង្គការមួយនេះ។
លោកប្រធានាធិបតី Donald Trump បានផ្អាកការផ្តល់មូលនិធិនោះ និងដកខ្លួនចេញពីស្ថាប័នរបស់អង្គការសហប្រជាជាតិជាច្រើនរួចហើយ ដោយការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ ត្រូវបានរំពឹងថា នឹងនាំឲ្យមានការកាត់បន្ថយបន្ថែមទៀត។
គម្រោងកាត់បន្ថយនៅអង្គការសហប្រជាជាតិនេះ បានកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក Trump បានលុបចោលជំនួយបរទេសរាប់សិបពាន់លានដុល្លារដែលជាផ្នែកមួយនៃការជំរុញរបស់ខ្លួន ដើម្បីផ្តោតលើអ្វីដែលខ្លួនមើលឃើញថា ជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ជម្លោះ រាប់ចាប់ពីតំបន់មជ្ឈិមបូព៌ា រហូតដល់ប្រទេសអ៊ុយក្រែន និងនៅតំបន់អាហ្រ្វិក បានបន្ថែមទៅលើតម្រូវការជំនួយសកល។
បន្ទាប់ពីជួបការលំបាកផ្នែកហិរញ្ញវត្ថុជាច្រើនឆ្នាំមក អង្គការសហប្រជាជាតិ ក្រោមការដឹកនាំរបស់លោក Guterres បានគ្រោងរួចហើយ ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធយ៉ាងទូលំទូលាយ។ លោកបានព្រមានកាលពីខែមករាថា ស្ថាប័នកំពុងប្រឈមនឹង «វិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ»៕
