មន្ត្រីសន្តិសុខចូលនិវត្តន៍រាប់រយនាក់របស់អ៊ីស្រាអែល ក្នុងនោះមានរួមទាំងអតីតប្រធានទីភ្នាក់ងារចារកម្មផងដែរ បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់សម្ពាធលើរដ្ឋាភិបាលរបស់ពួកគេ ដើម្បីឲ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។
នៅក្នុងលិខិតចំហមួយដែលត្រូវបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃចន្ទ (ទី៤ ខែសីហា) នេះ អតីតមន្ត្រីទាំងនោះ បានសរសេររៀបរាប់ថា៖ «វាគឺជាការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើង ដែលក្រុមហាម៉ាសលែងបង្កការគំរាមកំហែងជាយុទ្ធសាស្ត្រដល់អ៊ីស្រាអែលទៀតហើយ»។
អតីតនាយកទីភ្នាក់ងារសន្តិសុខ Shin Bet លោក Ami Ayalon បាននិយាយថា៖ «ដំបូងសង្រ្គាមនេះ គឺជាសង្រ្គាមយុត្តិធម៌ សង្រ្គាមការពារ ប៉ុន្តែនៅពេលដែលយើងសម្រេចបាននូវគោលបំណងយោធាទាំងអស់ហើយនោះ សង្រ្គាមនេះលែងជាសង្រ្គាមយុត្តិធម៌ទៀតហើយ»។

នៅក្នុងវីដេអូដែលបានចេញផ្សាយ អមជាមួយនឹងលិខិតនោះ លោក Ayalon បានព្រមានថា សង្រ្គាមដែលជិតឈានដល់ខែទី២៣ ហើយនោះ «កំពុងនាំឲ្យរដ្ឋអ៊ីស្រាអែលបាត់បង់សន្តិសុខ និងអត្តសញ្ញាណរបស់ខ្លួន»។
ដោយមានហត្ថលេខាពីមនុស្ស ៥៥០នាក់ ក្នុងនោះរួមមានទាំងអតីតប្រធាន Shin Bet និងទីភ្នាក់ងារចារកម្ម Mossad ផងដែរ លិខិតនោះបានអំពាវនាវឲ្យលោក Trump «នាំ» លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឆ្ពោះទៅរកបទឈប់បាញ់។
គួររំលឹកថា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្ហូរឈាម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីស្រាអែលបានស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងៗ ដើម្បីឲ្យយល់ព្រមលើបទឈប់បាញ់ ដែលអាចឃើញចំណាប់ថ្នូរអ៊ីស្រាអែលត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិអាចចែកចាយជំនួយមនុស្សធម៌ នៅដែនដីនេះ៕


