យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនដែលជួបជុំជុំគ្នានៅមន្ទីរពេទ្យ Al Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សានាថ្ងៃចន្ទនេះ ដើម្បីកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ពេលដែលពួកគេព្យាយាមទទួលជំនួយ ។
ក្រុមមន្រ្តីនៅមន្ទីរពេទ្យ Al Shifa និយាយថា មនុស្ស ១៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅជិតច្រកឆ្លងកាត់ព្រំដែន Zikim ជាទីដែលរថយន្តដឹកជំនួយអង្គការសហប្រជាជាតិ(UN) គ្រោងនឹងបើកចូលទៅកាន់តំបន់ភាគខាងជើងហ្កាហ្សា ។
គ្មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល ជុំវិញឧបទ្ទេវហេតុនេះ ។ អ៊ីស្រាអែលតែងតែនិយាយថា ពួកគេចាត់វិធានការបញ្ចៀសការវាយប្រហារត្រូវចំជនស៊ីវិល ។ អ៊ីស្រាអែល ព្យាយាមកម្ចាត់ក្រុមហាម៉ាស ដែលបើកការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីឆ្នាំ ២០២៣ ហើយនិងចាប់ចំណាប់ថ្នូរទៅកាន់តំបន់ហ្កាហ្សា ៕