វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងជួបលោក Steve Witkoff គឺជាប្រេសិតពិសេសសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ពួកយើងតែងតែរីករាយក្នុងការជួបលោក Witkoff នៅទីក្រុងម៉ូស្គូ ។
លោក Peskov និយាយផងដែរថា ទីក្រុងម៉ូស្គូចាត់ទុកការប្រាស្រ័យទាក់ទងជាមួយលោក Witkoff គឺសំខាន់ និងមានសារៈប្រយោជន៍ ។ លោកកោតសរសើរកិច្ចខិតខំសម្របសម្រួលរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងវិធីសាស្រ្តដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ប្រេសិតពិសេស Steve Witkoff អាចនឹងធ្វើដំណើរទៅកាន់រុស្សីនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ ពេលដែលលោកព្រមានថា លោកនឹងដាក់ទណ្ឌកម្មរុស្ស៊ី បើសិនជាទីក្រុងម៉ូស្គូ មិនយល់ព្រមនឹងបទឈប់បាញ់ទេនោះនៅអ៊ុយក្រែន មុនថ្ងៃសុក្រខាងមុខនេះ ៕