មនុស្សរាប់សែននាក់ដែលស្ថិតនៅក្រោមការឡោមព័ទ្ធក្នុងបន្ទាយចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ Darfur ភាគខាងលិច កំពុងអស់អាហារបន្តិចម្ដងៗ ហើយកំពុងស្ថិតនៅក្រោមការបាញ់យ៉ាងសន្ធាប់ដោយកាំភ្លើងធំ និងយានដ្រូន ខណៈដែលអ្នករត់ភៀសខ្លួនទាំងនោះ ប្រឈមនឹងហានិភ័យមានជំងឺអាសន្នរោគ និងការវាយប្រហារដោយហិង្សា។
Al-Fashir ដែលជាទីក្រុងរបស់រដ្ឋ North Darfur គឺជាសមរភូមិជួរមុខនៅសល់ធំបំផុត ក្នុងតំបន់ រវាងកងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដោយវាកំពុងស្ថិតក្រោមការប្រយុទ្ធគ្នា នៅចំណុចដ៏សំខាន់ ក្នុងសង្គ្រាមស៊ីវិល ដែលឥឡូវនេះឈានចូលដល់ឆ្នាំទី៣ ហើយ។
អ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា «កាំភ្លើងធំ និងយានដ្រូនរបស់កងកម្លាំង RSF កំពុងបាញ់ផ្លោងនៅទីក្រុង Al-Fashir ទាំងពេលព្រឹក និងពេលយប់»។ លោកបានបន្តថា អគ្គិសនីត្រូវបានកាត់ផ្ដាច់ទាំងស្រុង ហាងនំប៉័ងត្រូវបានបិទ ហើយការផ្គត់ផ្គង់វេជ្ជសាស្ត្រកំពុងខ្វះខាត។ អ្នកស្រុករូបនេះ បានឲ្យដឹងបន្ថែមថា៖ «ចំនួនអ្នកស្លាប់បានកើនឡើងជារៀងរាល់ថ្ងៃ ហើយទីបញ្ចុះសពក៏កំពុងមានកាន់តែច្រើនឡើងៗដែរ»។
សង្គ្រាម រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ នៅពេលដែលអតីតសម្ព័ន្ធមិត្តទាំង២ បានប៉ះទង្គិចគ្នា ជុំវិញផែនការធ្វើសមាហរណកម្មកងកម្លាំងរបស់ពួកគេ។
អ្នកដែលត្រូវបានឡោមព័ទ្ធជាមួយនឹងកងទ័ព និងសម្ព័ន្ធមិត្តរបស់កងទ័ព គឺមនុស្សរាប់សែននាក់ ដែលមានទាំងស្រុកទីក្រុង Al-Fashir និងជនភៀសខ្លួនដោយសារការវាយប្រហារពីមុន។ ពួកគេកំពុងរស់នៅក្នុងជំរុំ ដែលអ្នកឃ្លាំមើលនិយាយថា ស្ថិតក្នុងភាពអត់ឃ្លានរួចទៅហើយ៕