កណ្ដាល៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាជាតិ និងជាប្រធានគណៈអចិន្ត្រៃក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក ខេត្តកណ្ដាល បានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកត់ត្រានូវសំណូមពរ របស់ពលរដ្ឋឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូនពួកគាត់ ។
ក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកដាច់ ស្រុកលើកដែក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា បើតាមការពិនិត្យ ឃើញ ក្នុងពេលក្រុមការងារចុះសាកសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់ គ្រប់កាលៈទេសៈ ឃើញថាពួកគាត់គ្រប់ស្រទាប់ មានទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា និងចូលរួមយ៉ាងសស្រាក់សស្រាំរាល់ទុក្ខលំបាក និងភាពសប្បាយរីករាយនានា ។
លោកជំទាវបន្តថា ពាក់ព័ន្ធការចុះសួរសុខទុក្ខនេះ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋឲ្យបានញឹកញាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពីតម្រូវរបស់ពួកគាត់ និងសំណូមពរផ្សេងៗ ហើយប្រមូលកត់ត្រាទុក នូវរាល់សំណូមពររបស់ពលរដ្ឋ ដើម្បីដោះស្រាយ និងចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ និងផែនការអភិវឌ្ឍ ។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានអំពាវនាវទៅដល់ពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យគ្រប់ចំនួនដូស ដែលរាជរដ្ឋាភិបាលបានអំពាវនាវជាបន្តបន្ទាប់ និងរួមគ្នាបន្តអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យកម្ពុជា មានការឆ្លងរាលដាលខ្លាំងជាថ្មី នៃជំងឺកូវីដ១៩ ពិសេសប្រភេទបម្លែងថ្មីអូមីក្រុង ។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅអាណត្តិទី៥ ឆ្នាំ២០២២នេះ សមាសភាពបេក្ខជនគណបក្សប្រជាជនកម្ពុជា ឈរក្រុមប្រឹក្សាឃុំព្រែកដាច់ ស្រុកលើកដែល ពេញសិទ្ធិមានចំនួន ៧រូប និងបម្រុងមានចំនួន ៩រូប ៕





