ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់ភាគីទាំងពីរ ក្រុមអ្នកជំនាញ និងអតីតអ្នកចរចា ៦រូបបាននិយាយថា ប្រធានបទទាក់ទងនឹងខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមិនទាន់ចងក្រងរួចនាពេលថ្មីៗនេះ បានផ្តល់នូវវិសាលភាពសម្រាប់ភាពរកាំរកូសកាន់តែច្រើនរវាងសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មដ៏សំខាន់ទាំងពីរ។

អ្នកជំនាញបាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump អាចនឹងប្រើប្រាស់កិច្ចប្រជុំកំពូលជាមួយសមភាគី លោក Lee Jae Myung ដើម្បីស្វះស្វែងរកសម្បទានបន្ថែមទៀតលើការចំណាយផ្នែកវិស័យការពារជាតិ និងការវិនិយោគសាជីវកម្ម ដែលនៅសេសសល់ពីកិច្ចព្រមព្រៀងមិនទាន់មានជាលាយលក្ខណ៍អក្សរនេះ ខណៈរបាំងមិនមែនពន្ធគយ និងរូបិយវត្ថុ អាចនៅតែជាបញ្ហាខ្ទាស់សំខាន់ៗ។
ពុំទាន់មានកាលបរិច្ឆេទផ្លូវការណាមួយនៃកិច្ចប្រជុំកំពូលនេះត្រូវបានបង្ហាញនោះទេ ប៉ុន្តែលោក Trump កាលពីសប្តាហ៍មុន បានបង្ហើបពេលវេលាក្នុងន្លោះដល់ទៅពីរសប្តាហ៍បន្ទាប់។ អវត្ដមាននៃកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលគាំទ្រកិច្ចចរចាបន្ទាបពន្ធអាមេរិកលើកូរ៉េខាងត្បូងមកត្រឹម ១៥% កាលពីសប្តាហ៍មុន អាចបើកផ្លូវសម្រាប់ជម្លោះកាន់តែខ្លាំង ដោយការខ្វែងគំនិតមួយចំនួនបានលេចឡើងរួចមកហើយរវាងភាគីទាំងពីរទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។
ចំណុចគន្លឹះក្នុងចំណោមការខ្វែងគំនិតទាំងនេះគឺការបដិសេធចោលស្ទើរទាំងអស់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយទីប្រឹក្សាប្រធានាធិបតីកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការអះអាងជាច្រើនរបស់សហរដ្ឋអាមេរិក ដែលថាខ្លួននឹងយកតួលេខ ៩០% នៃប្រាក់ចំណេញពីការវិនិយោគគម្រោងតម្លៃ ៣៥០ពាន់លានដុល្លារដោយកូរ៉េខាងត្បូង ហើយក៏ថា ទីក្រុងសេអ៊ូលបានយល់ព្រមផងដែរក្នុងការបើកទីផ្សារអង្ករក្នុងស្រុករបស់ខ្លួន៕

