ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៥ ខែសីហា) នេះ បានលើកឡើងថា ការកាត់បន្ថយការផ្តល់មូលនិធិ កំពុងរុញឲ្យកុមារជំនាន់ទាំងមូល នៅស៊ូដង់ ទៅកៀកនឹងកម្រិតគ្រោះថ្នាក់សង្រ្គោះមិនបាន ខណៈដែលការគាំទ្រត្រូវបានកាត់បន្ថយ ហើយករណីកង្វះអាហារូបត្ថម្ភ នៅតែបន្តកើតមានទូទាំងប្រទេស។
អង្គការយូនីសេហ្វ (UNHCR) និងទីភ្នាក់ងារផ្សេងទៀតរបស់ UN ប្រឈមនឹងវិបត្តិការផ្ដល់មូលនិធិដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបង្កឡើងដោយសារការសម្រេចរបស់សហរដ្ឋអាមេរិក និងរដ្ឋម្ចាស់ជំនួយផ្សេងទៀត ក្នុងការកាត់បន្ថយការផ្តល់មូលនិធិជំនួយបរទេស។
លោក Sheldon Yett តំណាងអង្គការ UNICEF ប្រចាំនៅប្រទេសស៊ូដង់ បាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុង Port Sudan ថា៖ «កុមារៗស្ទើរតែមិនមានលទ្ធភាពទទួលបានទឹកស្អាត អាហារ និងការថែទាំសុខភាព។ កង្វះអាហារូបត្ថម្ភកំពុងមានកាន់តែច្រើនឡើងៗ ហើយកុមារសុខភាពល្អៗជាច្រើន បានវិវត្តទៅជាមានសភាពស្គមស្គាំងសល់ត្រឹមតែស្បែកដណ្ដប់ឆ្អឹង»។
គួរបញ្ជាក់ថា ជម្លោះ នៅស៊ូដង់ រវាងកងទ័ព និងគូអរិ គឺកងកម្លាំងគាំទ្ររហ័ស (RSF) បាននាំឲ្យមានមនុស្សរាប់លាននាក់ភៀសខ្លួន និងធ្វើឲ្យប្រទេសត្រូវបែងចែកគ្នាគ្រប់គ្រង ដោយកងកម្លាំង RSF នៅតែកាន់កាប់ដោយភាគច្រើននៅភាគខាងលិចស៊ូដង់។
កម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងកាលពីខែកក្កដាថា តំបន់ជាច្រើននៅភាគខាងត្បូងនៃរដ្ឋធានី Khartoum របស់ស៊ូដង់ ប្រឈមនឹងការមានគ្រោះទុរ្ភិក្ស។ ហើយអង្គការ UNICEF បានប្រាប់ថា កុមារបាត់បង់លទ្ធភាពទទួលបានសេវាសង្គ្រោះជីវិត ដោយសារការកាត់បន្ថយការផ្តល់មូលនិធិ ខណៈដែលទំហំតម្រូវការកំពុងកើនឡើងខ្លាំង៕