ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារ (០៥ សីហា) ថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានជួបក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់ដើម្បីពិភាក្សា និងសម្រេចចុងក្រោយលើយុទ្ធសាស្ត្រថ្មីៗក្នុងសង្គ្រាមជិត ២ឆ្នាំនៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា លោកចង់ឱ្យអ៊ីស្រាអែល កាន់កាប់យោធាពេញលេញលើទឹកដីប៉ាឡេស្ទីនមួយនេះ។

ទោះបីជាមានសម្ពាធពីអន្តរជាតិកាន់តែខ្លាំងទាមទារបទឈប់បាញ់ដើម្បីបន្ធូរបន្ថយភាពអត់ឃ្លាន និងស្ថានភាពដ៏គួរឱ្យរន្ធត់នៅក្នុងតំបន់ឡោមព័ទ្ធនេះក៏ដោយ ក៏កិច្ចខិតខំដើម្បីសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានដួលរលំ។
ខណៈការកាប់សម្លាប់នៅតែបន្តនៅដែនដីហ្កាហ្សា ការិយាល័យរបស់លោក Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានបើក "កិច្ចពិភាក្សាផ្នែកសន្តិសុខមានកម្រិត" រយៈពេលប្រហែល ៣ម៉ោង ពិនិត្យមើល "ជម្រើសក្នុងការបន្តយុទ្ធនាការនៅហ្កាហ្សា"។
ប្រព័ន្ធផ្សព្វផ្សាយ Channel 12 របស់អ៊ីស្រាអែល ដែលសម្អាងដល់មន្ត្រីម្នាក់មកពីការិយាល័យរបស់លោក Netanyahu បាននិយាយថា នាយករដ្ឋមន្ត្រីរូបនេះកំពុងទំនោរទៅរកការកាន់កាប់ទឹកដីហ្កាហ្សាទាំងមូល។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ឡើយថា តើលោក Netanyahu មានបំណងកាន់កាប់រយៈពេលយូរ ឬក៏ជាប្រតិបត្តិការរយៈពេលខ្លី ដែលមានគោលដៅកម្ទេចក្រុមហាម៉ាស និងរំដោះចំណាប់ថ្នូរអ៊ីស្រាអែល ឬក៏បែបណាឡើយ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ៕

