មន្ត្រីហាម៉ាសដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Al Hadath របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា ក្រុមហាម៉ាស នឹងមិនស្វែងរកការកាន់កាប់ គ្រប់គ្រង ឬដើរតួរដ្ឋបាលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ក្រោយសង្គ្រាមនោះទេ។

មន្ត្រីរូបនេះបានពន្យល់ថា បញ្ហាមិនមែនជាអាវុធទេ ប្រជាជនប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស ស្ថិតនៅក្រោមសម្ពាធមិនធ្លាប់មាន ដោយសារតែការឈ្លានពានរបស់អ៊ីស្រាអែល ហើយយើងកំពុងដោះស្រាយរាល់គំនិតផ្តួចផ្តើម និងសម្ពាធជាវិជ្ជមាន ដើម្បីបញ្ចប់ការឈ្លានពាន។
ការអត្ថាធិប្បាយទាំងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីក្រុមហាម៉ាស បានប្រកាសថាពួកគេមិនមានគម្រោងរំសាយអាវុធទេ រហូតដល់ការកាន់កាប់នេះបានបញ្ចប់ និងរដ្ឋឯករាជ្យ ប្រកបដោយអធិបតេយ្យភាពពេញលេញរបស់ប៉ាឡេស្ទីន ជាមួយក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ខ្លួនត្រូវបានបង្កើតឡើង។
មន្ត្រីរូបនេះក៏បាននិយាយផងដែរថា វិធីសាស្ត្របច្ចុប្បន្ននៃការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សាគឺមិនគ្រប់គ្រាន់ និងមិនអាចបំពេញតាមតម្រូវការរបស់ប្រជាជនបានឡើយ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យមានការបើកច្រកព្រំដែនដែលគ្មានការគ្រប់គ្រង។
ក្រុមហាម៉ាស បាននិយាយថា ខ្លួននឹងផ្ដល់ជំនួយដល់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារតាមអាកាស បើកច្រករបៀងជំនួយមនុស្សធម៌អចិន្ទ្រៃយ៍ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចោទប្រកាន់ក្រុមហាម៉ាស ថាមិនចង់បានបទឈប់បាញ់៕


