រុស្ស៊ីកាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនអាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម បន្ទាប់ពីបញ្ចប់សន្ធិសញ្ញាលើការផលិតឬដាក់ពង្រាយសព្វាវុធ ដែលត្រូវបានហាមឃាត់ជាច្រើនទសវត្សរ៍មកហើយ ក្រោមសន្ធិសញ្ញាសង្គ្រាមត្រជាក់ជាមួយសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានហាមឃាត់មីស៊ីលដែលមានរយៈចម្ងាយពី៥០០ទៅ ៥.៥០០ គីឡូម៉ែត្រ ក្រោមសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ១៩៨៧។ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ២០១៩ ដោយចោទរុស្ស៊ីថា ពុំបានអនុវត្តតាម។
វិមានក្រឹមឡាំង បាននិយាយនៅពេលនោះថា ខ្លួននឹងបន្តគោរពតាមការផ្អាកនេះ ប្រសិនបើសហរដ្ឋអាមេរិក មិនដាក់ពង្រាយមីស៊ីលក្នុងចម្ងាយវាយប្រហារដល់រុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ី និយាយថា ក្រសួងនឹងបញ្ចប់ការរឹតត្បិតខ្លួនឯង ដោយវិមានក្រឹមឡាំងបាននិយាយបង្ហើបកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូ អាចនឹងដាក់ពង្រាយមីស៊ីលដែលត្រូវបានហាមឃាត់កាលពីពេលមុន ក្នុងពេលឆាប់ៗនេះ។
លោកDmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Vladimir Putin បានប្រាប់អ្នកសារព័ត៌មានថា «គ្មានការរឹតត្បិតណាមួយនៅក្នុងប្រទេសរុស្ស៊ី ទាក់ទងនឹងរឿងនេះឡើយ។
លោកបាននិយាយថា ទីក្រុងមូស្គូ ត្រូវបានផ្តល់សិទ្ធិ «ប្រសិនបើចាំបាច់ ដើម្បីចាត់វិធានការសមស្រប» លើការដាក់ពង្រាយមីស៊ីល ហើយនឹងគ្មានការប្រកាសជាសាធារណៈទេប្រសិនបើរុស្ស៊ីសម្រេចចិត្តដាក់ពង្រាយមីស៊ីល។

