ទីក្រុងមូស្គូ បានដាក់ពាក្យបណ្តឹងជាផ្លូវការជាមួយអ៊ីស្រាអែលជុំវិញការវាយប្រហារដោយអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលទៅលើយានយន្តអ្នកការទូតរុស្ស៊ីនៅជិតកន្លែងតាំងទីលំនៅខុសច្បាប់ក្នុងតំបន់កាន់កាប់ West Bank។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូ បានចាត់ទុកការវាយប្រហារនេះថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១» និងបានសម្តែងនូវ “ភាពងឿងឆ្ងល់ និងមិនពេញចិត្ត» ដែលការវាយប្រហារនេះ កើតឡើងដោយការមិនទទួលខុសត្រូវរបស់បុគ្គលិកយោធាអ៊ីស្រាអែល។
យោងតាមលោកស្រី Zakharova បានឲ្យដឹងថា រថយន្តដែលជាកម្មសិទ្ធិរបស់អ្នកតំណាងរបស់រុស្ស៊ីប្រចាំនៅមូលដ្ឋានអាជ្ញាធរប៉ាឡេស្ទីន (PA) និងពាក់ស្លាកលេខការទូត ត្រូវបានវាយប្រហារកាលពីថ្ងៃទី៣០ ខែកក្កដា នៅជិតទីតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល មានទីតាំងនៅភាគខាងកើតទីក្រុង Ramallah និងចម្ងាយប្រហែល២០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងហ្ស៊េរុយសាឡឹម ធ្វើឡើងដោយអ្នកតាំងលំនៅមួយក្រុម។
អ្នកនាំពាក្យរូបនេះបាននិយាយថា «រថយន្តបានរងការខូចខាតស្រាល ហើយការវាយប្រហារត្រូវបានអមដោយការគំរាមកំហែងដោយពាក្យសំដីសំដៅទៅលើអ្នកការទូតរុស្ស៊ី» ហើយទាហានអ៊ីស្រាអែលដែលមានវត្តមាន «ពុំបានបញ្ឈប់សកម្មភាពដ៏អាក្រក់របស់អ្នកវាយប្រហារនោះទេ»។
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឲ្យដឹងថា រថយន្តនេះបានរងការវាយប្រហារ ខណៈកំពុងដឹកសមាជិកនៃក្រុមបេសកកម្មការទូតរបស់រុស្ស៊ីទៅកាន់ការិយាល័យអាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវបានទទួលស្គាល់ដោយក្រសួងការបរទេសរបស់អ៊ីស្រាអែល។