អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Nabil Abu Rudeineh បាននិយាយថា ប៉ាឡេស្ទីនថ្កោលទោសសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson ថាប្រទេសរបស់លោកទទួលស្គាល់សិទ្ធិជាប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ក្នុងអធិបតេយ្យភាពនៅតំបន់វេសបែង ( West Bank)។
ទីភ្នាក់ងារសារព័ត៌មានWAFA បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«សេចក្តីថ្លែងការណ៍របស់លោក Johnson ធ្វើឡើង នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងតែលអាវីវ ( Tel Aviv) ប្រឆាំងទៅនឹងសេចក្តិសម្រចរបស់អន្តរជាតិ និងច្បាប់អន្តរជាតិ ដែលអាចធ្វើទៅបាន ជាពិសេសសេចក្តីសម្រេចលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តដោយសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងថ្កោលទោសរាល់សកម្មភាពដែលមានបំណងឈានទៅរកការ បង្កើតកន្លែងតាំងទីលំនៅអាណានិគម នៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងនោះមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតថា ខុសច្បាប់»។
យោងតាមអ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីនរូបនេះ ការអត្ថាធិប្បាយរបស់លោក Johnson គឺ «ខុសឆ្គង និងផ្ទុយទៅនឹងកិច្ចព្រមព្រៀង Oslo ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន ហើយដែលបញ្ជាក់ឡើងវិញថា ដំណើរការនយោបាយ គឺផ្អែកលើច្បាប់អន្តរជាតិដែលផ្តល់សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងព្រំដែនឆ្នាំ ១៩៦៧ ដោយមានរដ្ឋធានី នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត»។
លោកបានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ប្រធានសភាអាមេរិកថា ជា «បញ្ហាប្រឈមនិងការបង្កហេតុដល់សហគមន៍ពិភពលោក» ដែលបានប្រមូលផ្តុំកាលពីចុងខែកក្កដាសម្រាប់សន្និសីទកម្រិតខ្ពស់អន្តរជាតិស្តីពីប៉ាឡេស្ទីន ក្នុងទីក្រុងញូវយ៉ក។
