ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ ដោយទីក្រុងវ៉ាស៊ីនតោនអាចនឹងស្នើឲ្យទិញថាមពល និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត ជាថ្នូរនឹងការឈានដល់កិច្ចព្រមព្រៀងដែលនឹងបញ្ចៀសអត្រាពន្ធ ៣៩ភាគរយលើការនាំចូលរបស់ស្វីស។
ប្រទេសស្វីស បានស្រឡាំងកាំងនឹងការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន ក្នុងការដាក់អត្រាធ្ងន់ធ្ងរ ពោលគឺស្ថិតក្នុងចំណោមការប្រកាសកម្រិតខ្ពស់បំផុត ចាប់តាំងពីលោកបានចាប់ផ្តើមវិធានការកំណត់ឡើងវិញនូវពាណិជ្ជកម្មសកលរបស់លោក ដែលគំរាមកំហែងនាំឲ្យមានការខូចខាតយ៉ាងធំដល់សេដ្ឋកិច្ចរបស់ប្រទេសដែលផ្តោតលើការនាំចេញមួយនេះ។
លោកស្រី Keller-Sutter និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Guy Parmelin បានចេញដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ (ទី៥ ខែសីហា) ដើម្បីធ្វើការចរចាចុងក្រោយ ក្នុងគោលបំណងកាត់បន្ថយអត្រាពន្ធ មុនពេលចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែសីហា)។
ទន្ទឹមនឹងនេះដែរ បើយោងតាមប្រភពពីប្រទេសស្វីសដែលដឹងពីការពិភាក្សានេះ បានប្រាប់ឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងព្យាយាមជំរុញឲ្យប្រទេសស្វីសទិញផលិតផលថាមពល និងការពារជាតិបន្ថែមទៀត៕