នៅថ្ងៃពុធនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតដែលបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសបារំាង ដែលមានទំហំធំជាងទីក្រុងប៉ារីស ស្របពេលដែលអណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័សឆ្លងកាត់ព្រៃ និងភូមិដ្ឋានប្រជាពលរដ្ឋ បង្ខំឲ្យអ្នកស្រុក និងភ្ញៀវទេសចរ រត់ភៀសខ្លួន ។
ខេត្ត Aude និយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងភូមិ Saint-Laurent-de-la-Cabrerisse ស្ថិតនៅចម្ងាយប្រហែល ៣០គ.មពីទីក្រុង Perpignan ។ ភ្លើងឆេះព្រៃ បានឆាបឆេះផ្ទះយ៉ាងហោច ២៥ខ្នង ហើយផ្លូវនៅតំបន់នោះ ត្រូវបានបិទ ។
មកទល់នឹងពេលនេះ ដីព្រៃ ១៤.០០០ហិចតា រងការឆាបឆេះ ពោលគឺស្រដៀងនឹងដីព្រៃសរុបដែលភ្លើងឆេះព្រៃបានឆាបឆេះនៅទូទាំងប្រទេសបារាំងកាលពីឆ្នាំ ២០២៤ ហើយនិងស្មើជាងទ្វេដងនៃដីព្រៃដែលត្រូវភ្លើងឆេះព្រៃលេបត្របាក់កាលពីឆ្នាំ ២០២៣ ។
ខេត្ត Aude និយាយថា ភ្លើងឆេះព្រៃ កំពុងរីករាលយ៉ាងឆាប់រហ័សបំផុត ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជិត ២ពាន់នាក់ កំពុងព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ។ មនុស្សប្រហែល ២.៥០០គ្រួសារនៅតំបន់នោះ បច្ចុប្បន្នគ្មានចរន្តអគ្គិសនីប្រើប្រាស់នោះទេ ។
ក្រុមមន្រ្តី និងក្រុមអ្នកជំនាញ បានព្រមានថា ខ្យល់បក់ខ្លាំងអាចនឹងផ្លាស់ប្តូរទិសដៅភ្លើងឆេះព្រៃ ជាហេតុបង្កភាពស្មុគស្មាញបន្ថែមទៀត ក្នុងការទប់ស្កាត់ភ្លើងឆេះព្រៃ ៕