មន្ត្រីសេតវិមានបាននិយាយបន្ទាប់ពីប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៣ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធសប្ដាហ៍នេះ ថារដ្ឋបាលលោក Trump គ្រោងនឹងបោះជំហានទៅមុខជាមួយនឹងទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។

មន្ត្រីរូបនោះបាននិយាយថា ជំនួបជាមួយរុស្ស៊ី និងបេសកជនពិសេសលោក Witkoff ដំណើរការទៅដោយរលូន។ រុស្ស៊ី ចង់បន្តការចូលរួមជាមួយសហរដ្ឋអាមេរិក។ ទណ្ឌកម្មបន្ទាប់បន្សំនៅតែត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តនៅថ្ងៃសុក្រសប្ដាហ៍នេះ។
លោកប្រធានាធិបតី Donald Trump បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថាកិច្ចប្រជុំនេះគឺប្រកបដោយការស្ថាបនាខ្ពស់។
លោក Trump បានសរសេរថា វឌ្ឍនភាពដ៏ល្អត្រូវបានបង្កើតឡើងហើយ។ ក្រោយមកខ្ញុំបានធ្វើបច្ចុប្បន្នភាពមួយចំនួនជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង។ អ្នករាល់គ្នាយល់ស្របថា សង្រ្គាមនេះត្រូវតែខិតជិតដល់ទីបញ្ចប់ ហើយយើងនឹងធ្វើការឆ្ពោះទៅរកការបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។
លោក Trump ក៏បានប្រាប់មេដឹកនាំអឺរ៉ុបនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធផងដែរថាលោកគ្រោងនឹងជួបលោក Putin ដោយផ្ទាល់ក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីអឺរ៉ុបមួយរូបបានប្រាប់ទូរទស្សន៍ NBC News ថាលោក Trump ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ៕

