មន្ត្រីអ៊ីស្រាអែលបីរូបបាននិយាយថា ប្រមុខយោធាអ៊ីស្រាអែលបានប្រឆាំងនឹងផែនការរបស់លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការដណ្តើមយកតំបន់ហ្កាហ្សា ដែលខ្លួនមិនទាន់គ្រប់គ្រងនៅឡើយ ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ប្រឈមនឹងសម្ពាធកាន់តែខ្លាំងលើសង្រ្គាមទាំងក្នុង និងក្រៅប្រទេស។

យោងតាមប្រភពដឹងពីកិច្ចប្រជុំ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏តានតឹងមួយរយៈពេលបីម៉ោងកាលពីថ្ងៃអង្គារ អគ្គសេនាធិការយោធា លោកEyal Zamir បានព្រមាននាយករដ្ឋមន្ត្រីថា ការដណ្ដើមយកដែនដីហ្កាហ្សាដែលនៅសេសសល់អាចធ្វើឲ្យយោធាជាប់នៅក្នុងដែនដី ដែលខ្លួនបានដកខ្លួនចេញកាលពី ២ ទសវត្សរ៍មុន ហើយអាចនាំឱ្យមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅទីនោះ។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនគ្រប់គ្រងបានផ្ទៃដីចំនួន៧៥ភាគរយនៃតំបន់ហ្កាហ្សារួចហើយ បន្ទាប់ពីសង្រ្គាមជិត ២ឆ្នាំ ដែលបានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធហាម៉ាសវាយប្រហារសហគមន៍អ៊ីស្រាអែលភាគខាងត្បូងក្នុងខែតុលា ឆ្នាំ ២០២៣ ។ ខ្លួនបានប្រឆាំងម្តងហើយម្តងទៀតនូវការដាក់ការគ្រប់គ្រងដោយយោធា ការដាក់បញ្ចូលទឹកដីនេះជាឧបសម្ព័ន្ធ និងការកសាងឡើងវិញនូវការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅទីនោះ ជាគោលនយោបាយគាំទ្រដោយសមាជិករដ្ឋាភិបាលមួយចំនួន។ លោក Netanyahu ស្ថិតក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំង ដើម្បីឈានដល់បទឈប់បាញ់មួយ នៅក្នុងដែនដីជាប់ឆ្នេរសមុទ្រនេះ ។ ភាគច្រើននៃមនុស្សពីរលាននាក់របស់តំបន់នេះ ត្រូវបានភៀសខ្លួនជាច្រើនដង ហើយក្រុមជំនួយនិយាយថាអ្នកស្រុកកំពុងស្ថិតក្នុងភាពអត់ឃ្លាន។ អង្គការសហប្រជាជាតិបានហៅរបាយការណ៍អំពីការពង្រីកដែលអាចកើតមាននៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាថា គួរឱ្យព្រួយបារម្ភជាបំផុត ហើយប្រឈមផលវិបាកដ៏មហន្តរាយ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សាថែមទៀត ប្រសិនបើជាការពិត៕


