ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៦ ខែសីហា) បាននិយាយថា លោកអាចប្រកាសការដំឡើងពន្ធបន្ថែមទៀតលើប្រទេសចិន ស្រដៀងគ្នាទៅនឹងការដំឡើងពន្ធ២៥% ដែលបានប្រកាសលើប្រទេសឥណ្ឌា ជុំវិញការទិញប្រេងពីប្រទេសរុស្ស៊ី ដោយអាស្រ័យលើអ្វីដែលកើតឡើង។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «អាចកើតឡើង» បន្ទាប់មកបាននិយាយថាលោករំពឹងថានឹងប្រកាសទណ្ឌកម្មទី២បន្ថែមទៀតក្នុងគោលបំណងដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។
លោក Trump បាននិយាយថា «វាអាចនឹងកើតឡើង ខ្ញុំមិនអាចប្រាប់អ្នកបាននៅឡើយទេ» ។ «យើងបានធ្វើរឿងនេះជាមួយប្រទេសឥណ្ឌា ហើយយើងក៏នឹងធ្វើដូច្នេះប្រហែលជាទៅលើពីរបីប្រទេសផ្សេងទៀត ដោយប្រទេសមួយក្នុងចំណោមនេះ អាចជាប្រទេសចិន»។

លោក Trump កាលពីថ្ងៃពុធបានដំឡើងពន្ធបន្ថែម២៥%ទៀត លើទំនិញប្រទេសឥណ្ឌា លើពន្ធ ២៥% ដែលបានប្រកាសកាលពីពេលមុន ដោយលើកឡើងថាប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី។
សេតវិមាន ពុំបាននិយាយអំពីប្រទេសចិនដែលជាអ្នកទិញប្រេងរបស់រុស្ស៊ីធំមួយផ្សេងទៀតនោះទេ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានព្រមានប្រទេសចិនថា ប្រទេសនេះក៏អាចប្រឈមនឹងការដំឡើងពន្ធថ្មីផងដែរ ប្រសិនបើនៅបន្តទិញប្រេងពីរុស្ស៊ី។