ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្រិកកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានពណ៌នាការឆ្លើយតបអន្តរជាតិចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដែលកំពុងកើនឡើងថា គួរឲ្យអាម៉ាស់ ហើយបានជំរុញប្រទេសលោកខាងលិចដ៏មានឥទ្ធិពល ឲ្យបង្កើនសម្ពាធលើអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងអាថែនថា៖«សហគមន៍អន្តរជាតិ គួរតែខ្មាស់អៀនចំពោះស្ថានការណ៍សោកនាដកម្ម ដែលកំពុងកើតឡើងនៅតំបន់ហ្កាហ្សា និងសកម្មភាពបំផ្លិចបំផ្លាញដែលកំពុងត្រូវបានធ្វើឡើងដោយប្រទេសអ៊ីស្រាអែល»។
លោកបាននិយាយថា៖«អ្វីដែលកំពុងលាតត្រដាង គឺជាសោកនាដកម្មរបស់មនុស្សហើយការឈឺចាប់ដែលបានឃើញ គឺជាភាពអាម៉ាសនៃភាពអសកម្មរបស់សហគមន៍អន្តរជាតិ»។
របាយការណ៍ទូទៅនៃភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា បានបង្កើនការព្រួយបារម្ភជាអន្តរជាតិចំពោះផលវិបាកដ៏អាក្រក់នៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមជិតពីរឆ្នាំកន្លងទៅ បន្ទាប់ពីការវាយប្រហារដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីអេហ្ស៊ីបបានពណ៌នាយុទ្ធនាការយោធារបស់អ៊ីស្រាអែល នៅក្នុងទឹកដីនេះថា ជា «អំពើប្រល័យពូជសាសន៍ជាប្រព័ន្ធ» ប៉ុន្តែបានអះអាងជាថ្មីនូវជំហររបស់រដ្ឋាភិបាលរបស់លោកថា ខ្លួនបដិសេធយ៉ាងដាច់ខាតនូវការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីដូនតារបស់ពួកគេ។