អស់ជាច្រើនទស្សវត្សរ៍មកហើយ ហានិភ័យនៃជម្លោះនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានវិលវល់ក្នុងចិត្តមនុស្សជាតិ។ ប៉ុន្តែចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ១៩៧០ មេដឹកនាំអាមេរិក និងសូវៀត បានចាត់វិធានការបន្ធូរបន្ថយភាពតានតឹងនុយក្លេអ៊ែរ ដែលនាំទៅដល់សន្ធិសញ្ញាសំខាន់ៗមួយចំនួន រួមទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ឆ្នាំ១៩៧៨។ យ៉ាងណាមិញ ក្ដីកង្វល់នៅតែមាន ខណៈអ្នកជំនាញបានបង្ហើបពីលទ្ធភាពនៃការប្រណាំងសព្វាវុធថ្មីដ៏គ្រោះថ្នាក់។

កិច្ចព្រមព្រៀង INF នេះត្រូវបញ្ចប់នៅឆ្នាំ២០១៩ បន្ទាប់ពីអាមេរិកដកខ្លួន ហើយនៅថ្ងៃអង្គារ (៥ សីហា) រុស្ស៊ីក៏ប្រកាសថាខ្លួនលែងមានចំណងផ្លូវច្បាប់ក្នុងកិច្ចព្រមព្រៀងរឹតត្បិតមីស៊ីលនោះទៀតហើយ។ នេះមានន័យថា នៅសល់តែសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរតែមួយគត់រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន គឺកិច្ចព្រមព្រៀងកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី New START ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្នុងអ្វីអ្នកជំនាញនិយាយថាក៏កំពុងតែជាប់គាំងផងដែរ ហើយគ្រោងផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
លោក Alexander Bollfrass អ្នកជំនាញផ្នែកគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ IISS បាននិយាយថា៖ ទោះជាការបញ្ចប់កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែររវាងអាមេរិក-រុស្ស៊ី មិនមែនមានន័យថាសង្រ្គាមនុយក្លេអ៊ែរទំនងជាកើតឡើងខ្លាំងក៏ដោយ "ប៉ុន្តែក៏មិនមានន័យថា លទ្ធភាពនោះគ្មានទាល់តែសោះដែរ" ដោយសំដៅដល់ការប្រណាំងសព្វាវុធ។
ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន នៅតែជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិពហុភាគីមួយចំនួន ដែលមានបំណងទប់ស្កាត់ការរីករាលដាល និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែទំនាក់ទំនងដែលកាន់តែយ៉ាប់យ៉ឺនរវាងប្រទេសទាំងពីរ រួមនឹងសន្ធិសញ្ញាដែលកំពុងរលត់បាត់នោះ បានបង្កក្ដីបារម្ភជាច្រើន៕

