សេចក្ដីចម្លងនៃរបៀបវារៈគណៈរដ្ឋមន្ត្រីលីបង់ ដែលពិនិត្យដោយសារព័ត៌មានរ៉យទ័របានបង្ហាញថា សហរដ្ឋអាមេរិក បានដាក់សំណើមួយឱ្យលីបង់ សម្រាប់ផែនការរំសាយអាវុធក្រុមហេសបូឡា នៅចុងឆ្នាំ២០២៥នេះ រួមជាមួយនឹងការបញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅលីបង់ និងការដកកងទ័ពរបស់អ៊ីស្រាអែល ចេញពីទីតាំងចំនួន៥ នៅភាគខាងត្បូងលីបង់។

ផែនការនេះដាក់ដោយបេសកជនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រចាំតំបន់គឺលោក Tom Barrack ហើយត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលីបង់នៅថ្ងៃព្រហស្បតិ៍ (៧ សីហា) ដោយកំណត់នូវជំហានលម្អិតបំផុតដែលមិនទាន់មាន សម្រាប់ការដកហូតអាវុធពីក្រុមហេសបូឡា ជាអ្វីដែលក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះតែងច្រានចោលរហូតមក តាំងពីសង្គ្រាមដ៏មហន្តរាយកាលពីឆ្នាំមុនជាមួយអ៊ីស្រាអែល។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ លោក Paul Morcos បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍នោះថា គណៈរដ្ឋមន្ត្រីបានអនុម័តត្រឹមតែគោលបំណងនៃផែនការរបស់លោក Barrack ប៉ុណ្ណោះ ប៉ុន្តែមិនបានពិភាក្សាទាំងស្រុងនោះទេ។
គោលបំណងនៃសំណើរបស់អាមេរិកទាំងនោះនឹងរួមបញ្ចូលការបញ្ឈប់វត្តមានប្រដាប់អាវុធរបស់តួអង្គមិនមែនរដ្ឋ រួមទាំងក្រុមហេសបូឡា; ការដាក់ពង្រាយកងកម្លាំងលីបង់ទៅព្រំដែន និងតំបន់ខាងក្នុងសំខាន់ៗ; ធានាការដកខ្លួនរបស់អ៊ីស្រាអែលចេញពីទីតាំងទាំង៥; ដោះស្រាយបញ្ហាអ្នកទោសតាមរយៈការចរចាដោយប្រយោល; និងការបោះបង្គោលព្រំដែនលីបង់ជាអចិន្ត្រៃយ៍ជាមួយអ៊ីស្រាអែល និងស៊ីរី៕

