ការិយាល័យមេដឹកនាំរបស់ប្រទេសទាំងពីរបាននិយាយថានាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio "Lula" da Silva បានសន្ទនាតាមទូរស័ព្ទដោយពិភាក្សាលើប្រធានបទជាច្រើនរួមមានទាំងការដំឡើងពន្ធគយដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិកលើទំនិញនាំចេញពីប្រទេសទាំងពីរ។

លោក Lula បានបញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌានៅដើមឆ្នាំ២០២៦ ក្នុងអំឡុងការសន្ទនាកាលពីថ្ងៃព្រហស្បតិ៍ ដែលបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំប្រេស៊ីល បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោកនឹងមានគំនិតផ្តួចផ្តើមការសន្ទនាក្នុងចំណោមបណ្តាប្រទេស BRICS ស្តីពីការដោះស្រាយការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាការដំឡើងពន្ធខ្ពស់បំផុតលើប្រទេសប្រេស៊ីល និងឥណ្ឌា។

ក្រុមនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំៗក៏រួមមានប្រទេសចិន រុស្ស៊ី និងអាហ្វ្រិកខាងត្បូង ផងដែរ។ ការិយាល័យរបស់ លោក Lula បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «មេដឹកនាំទាំងពីរបានពិភាក្សាអំពីសេណារីយ៉ូសេដ្ឋកិច្ចអន្តរជាតិ និងការដាក់ការដំឡើងពន្ធជាឯកតោភាគី។ ប្រទេសប្រេស៊ីល និងឥណ្ឌា រហូតមកដល់បច្ចុប្បន្ន ប្រទេសទាំងពីររងផលប៉ះពាល់ខ្លាំងបំផុត» ។
លោក Trump បានប្រកាសដំឡើងពន្ធបន្ថែម២៥ភាគរយលើទំនិញឥណ្ឌាកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបង្កើនពន្ធសរុបដល់៥០ភាគរយ។ លោក Trump បាននិយាយថា ពន្ធបន្ថែម ដែលចូលជាធរមានចាប់ពីថ្ងៃទី២៨ខែសីហា គឺសំដៅដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌាចំពោះការបន្តទិញប្រេងពីប្រទេសរុស្ស៊ី។