ស្ថាប័នវាយតម្លៃទំនុកចិត្តឥណទានហិរញ្ញវត្ថុ Moody's Ratings ដ៏ល្បីល្បាញលំដាប់ពិភពលោក បានចេញការព្រមាននៅថ្ងៃសុក្រ (៨ សីហា) នេះថា ការដំឡើងពន្ធ ៥០% របស់លោកប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលពីឥណ្ឌា អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់មហិច្ឆតាផលិតកម្មរបស់ឥណ្ឌា និងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។

គួរឱ្យដឹងថា លោក Trump បានដាក់ពន្ធបន្ថែម ២៥% ទៀតលើទំនិញឥណ្ឌា កាលពីថ្ងៃពុធ (៦ សីហា) ដោយលើកឡើងពីសកម្មភាពរបស់ទីក្រុងញូវដែលី ក្នុងការបន្តទិញប្រេងពីរុស្ស៊ី នោះនាំឱ្យពន្ធសរុបឡើងដល់ ៥០% - ខ្ពស់ជាងទំនិញជាប់ពន្ធលើបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត។
ក្រុមហ៊ុន Moody's និយាយថា កំណើនផលិតផលក្នុងស្រុកសរុប GDP ពិតប្រាកដរបស់ឥណ្ឌា អាចធ្លាក់ប្រហែល ០,៣% ពីការព្យាករបច្ចុប្បន្នរបស់ខ្លួនចំនួន ៦,៣% សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ ខាងមុខ។ Moody's និយាយទៀតថា ការកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី ដើម្បីបញ្ចៀសពន្ធអាមេរិក ក៏អាចធ្វើឱ្យឥណ្ឌា កាន់តែពិបាកក្នុងការធានាការផ្គត់ផ្គង់ប្រេងឆៅជំនួសក្នុងបរិមាណគ្រប់គ្រាន់ផងដែរ។
យ៉ាងណាមិញ ស្ថាប័នវាយតម្លៃនេះសម្ដែងក្ដីរំពឹងថាអាចនឹងមានដំណោះស្រាយចរចាលើពន្ធដ៏ខ្ពស់នោះ។ ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល ដែលជំរុញដោយពន្ធគយរបស់អាមេរិក ក៏បានធ្វើឱ្យវិនិយោគិនបរទេសមិនស្រួលចិត្តផងដែរ។ វិនិយោគិនបរទេសបានសម្រុកលក់ភាគហ៊ុនឥណ្ឌា ដែលមានតម្លៃ ៩០០លានដុល្លារ រហូតមកដល់ពេលនេះក្នុងខែសីហា បន្ទាប់ពីលំហូរសម្រុកលក់ចេញ ២ពាន់លានដុល្លារ ក្នុងខែកក្កដា៕

