សហរដ្ឋអាមេរិកផ្តល់រង្វាន់រហូតដល់ចំនួន៥០លានដុល្លារសម្រាប់ព័ត៌មានឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដោយផ្តល់រង្វាន់ទ្វេដងលើសកាលពីពេលមុនចំនួន២៥លានដុល្លារដែលកំណត់ដោយរដ្ឋបាល លោក Trump កាលពីខែមករា។
សហរដ្ឋអាមេរិក បានចោទប្រកាន់មេដឹកនាំវេណេហ្ស៊ុយអេឡាថាជាអ្នកជួញដូរគ្រឿងញៀនឈានមុខមួយរបស់ពិភពលោក និងធ្វើការជាមួយក្រុមជួញដូរគ្រឿងញៀនដើម្បីនាំចូលទៅសហរដ្ឋអាមេរិកនូវកូកាអ៊ីនលាយសារធាតុហ្វង់តានីល។

នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ ដែលប្រកាសអំពីការកើនឡើង«ជាប្រវត្តិសាស្រ្ត»នៃប្រាក់រង្វាន់ រដ្ឋអាជ្ញាលោកស្រីPam Bondi បានចោទប្រកាន់ លោក Maduro ពីបទសហការជាមួយអង្គការឧក្រិដ្ឋកម្មវ៉េណេស៊ុយអេឡា Tren de Aragua ក្រុមជួញដូរគ្រឿងញៀន The Suns និងក្រុមជួញដូរ Sinaloa ដ៏ល្បីល្បាញនៅក្នុងប្រទេសម៉ិកស៊ិក។
លោកស្រី Bondi បាននិយាយថា «លោក Maduro គឺជាអ្នកជួញដូរគ្រឿងញៀនធំបំផុតមួយនៅក្នុងពិភពលោក និងជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង។ ដូច្នេះ យើងបានបង្កើនប្រាក់រង្វាន់ទ្វេដងដល់៥០លានដុល្លារ» ។
លោកស្រីនិយាយថា «ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump លោក Maduro នឹងគេចមិនផុតពីតុលាការឡើយ ហើយលោកនឹងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើមរបស់លោក» ។
