កោះតៃវ៉ាន់ រាយការណ៍ករណីបញ្ជាក់លើកដំបូងនៃវីរុសឈីកដែលនាំចូលពីប្រទេសចិន ជាទីដែលការរីករាលដាលឆ្លងជាប្រវត្តិសាស្រ្តរបស់វីរុសកើតចេញពីសត្វមូសខ្លាមួយនេះ កំពុងកើតមាន ។
យោងតាមការអះអាងរបស់លោក Roger Hewson ដែលដឹកនាំការឃ្លាំមើលវីរុសនៅវិទ្យាស្ថាន Wellcome Sanger របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ជំងឺឈីក បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយដំបូងគេបានកើតមាននៅទីក្រុងមជ្ឈមណ្ឌលផលិតកម្ម Foshan ស្ថិតនៅតាមតំបន់វាលទំនាបដីល្បាប់ Pearl River Delta ដោយករណីឆ្លងបានកើនឡើងជាង ៨ពាន់នាក់ ហើយការរីករាលដាលឆ្លងនេះ គឺជាករណីច្រើនបំផុតជាប់កំណត់ត្រា ។

មន្ទីរគ្រប់គ្រងជំងឺ(CDC)របស់កោះតៃវ៉ាន់ និយាយនៅថ្ងៃសុក្រនេះថា វីរុសឈីកត្រូវបានរកឃើញលើស្រ្តីតៃវ៉ាន់ម្នាក់ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Foshan និងបានវិលត្រឡប់មកកាន់កោះតៃវ៉ាន់វិញនៅថ្ងៃទី ៣០ ខែកក្កដា ។
វាគឺជាករណីឆ្លងលើកដំបូងដែលត្រូវបានរកឃើញមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៥ បើទោះបីជារាប់សិបករណី ធ្លាប់ត្រូវបានរកឃើញកាលពីមុនក៏ដោយ ហើយនិងមានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងស្រីលង្កា ។
មន្ទីរ CDC បានបង្កើនសេចក្តីជូនដំណឹងធ្វើដំណើរសម្រាប់ខេត្ត Guangdong របស់ចិន ដែលជាចំណុចកណ្តាលនៃការរីករាលដាលឆ្លងវីរុសឈីកដល់ដកម្រិតទី ២ ក្នុងចំណោមកម្រិតទាំង ៣ ដោយជំរុញឲ្យអ្នកធ្វើដំណើរប្រើប្រាស់ការប្រុងប្រយ័ត្នប្រសើរជាងការព្យាបាល ។
សូមបញ្ជាក់ថា វីរុសនេះអាចនាំឲ្យកើតមានជំងឺគ្រុនក្តៅ កន្ទួលរមាស់ ឈឺក្បាល ក្អួតចង្អោរ និងអស់កម្លាំងមានរយៈពេលរហូតដល់ ៧ថ្ងៃ ហើយនិងឈឺសាច់ដុំ និងឈឺសន្លាក់ ដែលអាចមានរយៈពេលច្រើនសប្តាហ៍ ៕
