រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក នៅថ្ងៃសុក្រ (ទី៨ ខែសីហា) បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលដោយលើកឡើងពីផែនការដែលអ៊ីស្រាអែលបានប្រកាស ក្នុងការកាន់កាប់ទីក្រុងហ្កាហ្សា និងគ្រប់គ្រងដោយយោធាលើតំបន់ហ្កាហ្សាស្ទ្រីប។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងបានឲ្យដឹងថា ប្រទេសបែលហ្ស៊ិកមិនត្រឹមតែចង់ «បង្ហាញការមិនយល់ស្របទាំងស្រុង ចំពោះការសម្រេចនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងមិនយល់ស្រប ចំពោះការបន្តអាណានិគម និងគោលបំណង ក្នុងការបញ្ចូលតំបន់ West Bank ជាដែនដីឧបសម្ព័ន្ធផងដែរ» ដោយបន្ថែមថា ខ្លួននឹង «តស៊ូមតិយ៉ាងខ្លាំងក្លា» ដើម្បីឲ្យមានការកែប្រែការសម្រេចនេះ។
សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា៖ «យោងតាមការបញ្ជាក់ជាផ្លូវការ ដោយរដ្ឋាភិបាលអ៊ីស្រាអែល អំពីចេតនារបស់ខ្លួន ក្នុងការឡោមព័ទ្ធ និងបន្ទាប់មកកាន់កាប់ទីក្រុងហ្កាហ្សា និងគ្រប់គ្រងដោយយោធានៃតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល រដ្ឋមន្ត្រីការបរទេស លោក Maxime Prevot បានសម្រេចចិត្តកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល»៕