ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អំឡុងពេលជជែកតាមទូរសព្ទ នៅថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ ប្រធានាធិបតី លោក Xi Jinping បានប្រាប់សមភាគីរុស្ស៊ី លោក Vladimir Putin ថា ប្រទេសចិនមានក្ដីសោមនស្សរីករាយដែលឃើញទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា លោក Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងជួបពិភាក្សាគ្នា ក្នុងគោលបំណងស្វែងរកផ្លូវបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។ ហើយភាគីទាំង២ បានបញ្ជាក់ថា ការរៀបចំត្រៀម សម្រាប់កិច្ចប្រជុំកំពូលមួយ កំពុងដំណើរការ ខណៈដែលប្រាប់ថា កិច្ចប្រជុំអាចធ្វើឡើងនៅសប្តាហ៍ក្រោយ បើទោះបីជាមិនទាន់កំណត់កាលបរិច្ឆេទ ឬទីកន្លែងច្បាស់លាស់ក៏ដោយ។
ពាក់ព័ន្ធនឹងការសន្ទនាតាមទូរសព្ទ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា លោក Xi បានពិភាក្សាជាមួយលោក Putin នៅថ្ងៃសុក្រនេះ តាមសំណើរបស់មេដឹកនាំរុស្ស៊ី។ ហើយលោក Putin បានរៀបរាប់ប្រាប់លោក Xi អំពី «ស្ថានភាពទំនាក់ទំនង និងការប្រាស្រ័យទាក់ទងថ្មីៗ» រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដូចជាស្ថានភាព នៅអ៊ុយក្រែនផងដែរ។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានដកស្រង់ប្រសាសន៍របស់លោក Xi ដែលបានប្រាប់លោក Putin ថា៖ «ប្រទេសចិនមានក្ដីសោមនស្សរីករាយដែលបានឃើញប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបន្តការទាក់ទងគ្នា ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ភាគីទាំង២ និងជំរុញឲ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន»។
ហើយទូរទស្សន៍ CCTV ក៏បានបន្ថែមផងដែរថា លោក Xi «បានចង្អុលបង្ហាញថា បញ្ហាស្មុគ្រស្មាញមិនមានដំណោះស្រាយបែបសាមញ្ញៗនោះទេ» ហើយបានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងតែងតែគាំទ្រជានិច្ច ចំពោះការធ្វើឲ្យមានសន្តិភាព និងការលើកកម្ពស់កិច្ចចរចា»៕